ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកនឹងបោះឆ្នោតអំពីសេចក្តីសម្រេចចិត្ត ស្តីពីយុទ្ធនាការរបស់អារ៉ាប៊ីសាអូឌីតនៅប្រទេសយ៉េម៉ែន
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិកនឹងធ្វើការពិចារណាជាថ្មី អំពីសេចក្តីសម្រេចចិត្តមួយ ដើម្បីបញ្ឈប់ការគាំទ្ររបស់អាម៉េរិកដល់ការអន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន ជាមួយការបោះឆ្នោតមួយអំពីវិធានការនេះ ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ខណៈគេរំពឹងថា ក្រុមសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនតូច នឹងចូលរួមជាមួយក្រុមប្រជាធិបតេយ្យ ក្នុងការអនុម័តសេចក្តីសម្រេចចិត្តនេះ។

ព្រឹទ្ធសភាអាម៉េរិកដែលដឹកនាំដោយក្រុមសាធារណរដ្ឋបានបោះឆ្នោត៦០សំឡេង ទល់នឹង៣៩សំឡេងកាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីចាប់ផ្តើមជជែកដេញដោលគ្នាអំពីវិធានការនេះ ដោយរឹងទទឹងនឹងរដ្ឋបាលលោក ត្រាំ ដែលបាននិយាយបង្ហាញហេតុផលយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការផ្តាច់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងរីយ៉ាដ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកជាយូរយារមកហើយ។

សមាជិកព្រឹទ្ធសភាអាម៉េរិក ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Connecticut លោក Richard Blumenthal បាននិយាយថា គេត្រូវការឱ្យមានការបញ្ចប់ការគាំទ្ររបស់អាម៉េរិក នៅក្នុងការទម្លាក់គ្រាប់បែកលើក្រុមជនស៊ីវិល និងការសម្លាប់ក្រុមកុមារនៅក្នុងប្រទេសយ៉េម៉ែន ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។

ដោយឡែកលោក Bernie Sanders ជាសមាជិកព្រឹទ្ធសភាឯករាជ្យប្រចាំរដ្ឋ Vermont ដែលជាសហអ្នកផ្តើមគំនិតនៃវិធនាការនេះបានបញ្ជាក់ថា សេចក្តីសម្រេចចិត្តនេះចែងថា នៅក្នុងសង្គ្រាមដ៏អាក្រក់ និងរន្ធត់នេះ សភាប្រុងប្រៀបធ្វើសកម្មភាព ហើយលោកសង្ឃឹមថា យើងទាំងអស់គ្នានឹងក្តាប់យកឱកាសនេះ៕
