សហរដ្ឋអាម៉េរិកព្រមានតួកគី ពាក់ព័ន្ធនឹងគម្រោងបើកប្រតិបត្តិការយោធាជាថ្មី ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដនៅប្រទេសស៊ីរី
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានព្រមានថា រាល់សកម្មភាពយោធាលក្ខណៈឯកតោភាគីណាមួយដែលធ្វើឡើងនៅភាគឦសានស៊ីរី គឺជារឿងមិនអាចទទួលយកបានឡើយ បន្ទាប់ពីតួកគីបានប្រកាសថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការយោធាជាថ្មីម្តងទៀត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ ដែលគាំទ្រដោយអាម៉េរិកនៅក្នុងប្រទេសស៊ីរី។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃពុធនេះ បានប្រកាសអំពីប្រតិបត្តិការយោធាថ្មីមួយផ្សេងទៀត សំដៅប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ (YPG) នៅតំបន់ភាគខាងកើតទន្លេ យូផ្រេត ប៉ែកឦសានប្រទេសស៊ីរី ដែលនឹងត្រូវប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

ជុំវិញសេចក្តីប្រកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកបានលើកឡើងថា ការធ្វើសកម្មភាពយោធាបែបឯកតោភាគីនៅភាគឦសានស៊ីរី ដោយភាគីណាមួយ ជាពិសេសស្របពេលដែលកងទ័ពអាម៉េរិកអាចមានវត្តមាននៅក្បែរ ឬក្នុងតំបន់ថែមទៀតនោះ គឺជាទង្វើមិនអាចទទួលយកបានឡើយ៕
