ក្នុងនាមកីឡាករ កីឡាការិនី ត្រូវគោរពគោលការសំខាន់ៗ ៣យ៉ាង ដើម្បីក្លាយជាអត្តពលិកគំរូតំណាងអោយជាតិ
អនុរដ្ឋលេខាធិការក្រសួងអប់រំ ឯ ឧ ប៊ូ ជុំសេរី បញ្ជាក់ថា ក្នុងនាមជាកីឡាករ កីឡាការិនី ត្រូវគោរពគោលការណ៍សំខាន់ៗធំ៣ គឺគោលការណ៍ Fair-Play មិត្តភាព និងប្រឹងឲ្យអស់ពីសមត្ថភាព ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរ និងសកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅតំបន់អភិវឌ្ឍន៍ 7NG នាឃុំវិហារសួគ៌ កាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញ ។

ឯ ឧ ប៊ូ ជុំសេរី បន្តថា បច្ចុប្បន្នស្ទើរគ្រប់វិស័យកីឡាជាតិ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមជាមួយគ្នា សហព័ន្ធសាមី ក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ផងដែរ ដូច្នេះកីឡាករ-កីឡាការិនី ត្រូវតបស្នងមកវិញ នូវការចូលរួម និងការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន ។

ផ្តោតលើការប្រកួតជើងឯកថ្នាក់ជាតិខាងលើវិញ លោកបញ្ជាក់ថា «កីឡាករត្រូវគោរពគោលការណ៍ ៣យ៉ាងក្នុងការប្រកួតនេះ ទី១-ត្រូវគោរពគោលការណ៍ Fari-Play គឺប្រកួតដោយយុត្តិធម៌ត្រឹមត្រូវ ។ ទី២- ប្រកួតដោយស្មាតីមិត្តភាព មិនបង្កហិង្សា ឬបំពានច្បាប់ប្រកួត និងគោរពការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល និងទី៣-ត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីវាស់ស្ទង់កីឡាករម្នាក់ៗ សម្រាប់ចម្រាញ់កីឡាករខ្លាំង សម្រាប់ត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសគឺស៊ីហ្គេម ឆ្នាំក្រោយ នៅហ្វីលីពីន» ។

ឯ ឧ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ឆ្នាំនេះសហព័ន្ធ បានរៀបចំជើងឯកថ្នាក់ជាតិ ដោយផ្លាស់ប្ដូរលក្ខខណ្ឌចូលរួមថ្មីមួយចំនួន ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីតែម្នាក់ ក្នុងមួយសមាគម ឬក្លឹបប៉ុណ្ណោះ មកចូលរួម ហើយអ្នកឈ្នះជើងឯក នឹងត្រូវបញ្ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ចាប់ពីឆ្នាំ២០១៩ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

សម្រាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែធ្នូ ក្រោមការឧបត្ថម្ភរបស់ពីឧកញ៉ា ស្រី ចាន់ថន ក្នុងនោះប្រដាល់គុនខ្មែរ មានកីឡាករ-កីឡាការិនីចំនួន ១០១នាក់ចូលរួម និងប្រដាល់សកល មានកីឡាករ-កីឡាការិនី ៦៥នាក់ចូលរួម មកពី ១៧សមាគម-ក្លឹបទូទាំងប្រទេស ៕
