ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា អ៊ីរ៉ងបង្កើនសកម្មភាពផលិតកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីប រំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះថា សកម្មភាពផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់បានកើនឡើងកាន់តែខ្លាំង ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥មក បើទោះជាកិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ដោយ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខយូអិននៅឯកិច្ចប្រជុំប្រចាំឆមាស ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរថា អ៊ីរ៉ង់បានកែងប្រវ័ញ្ចលើសុច្ឆន្ទៈរបស់ប្រជាជាតិនានា និងបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន ក្នុងការទប់ស្កាត់មិនឲ្យផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីប ខណៈអាម៉េរិកនឹងមិនគាំទ្រទង្វើនេះទេ។

លោក ប៉ុមប៉េអូ បានបញ្ជាក់ថា សេចក្តីសម្រេចលេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខយូអិន ដែលបានដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងច្បាប់អន្តរជាតិ ដើម្បីអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពនានា ដែលជាប់ពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។

ទន្ទឹមគ្នានោះដែរ លោក ម៉ៃ ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា អាម៉េរិកចង់ធ្វើការជាមួយប្រទេសជាសមាជិកទាំង១៤នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់បម្រាមឲ្យខ្លាំងជាងមុន លើការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង ដែលមានចែងនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាកាលពីលើកមុន ដែលបានដាក់បម្រាមមិនឲ្យអ៊ីរ៉ង់ធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលដែលមានលទ្ធភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner