ប្រមុខដឹកនំាអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការស្រុះស្រួលគ្នា និងការលះបង់សម្រាប់កិច្ចចរចាស្តីពីអាកាសធាតុ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបណ្តាប្រទេសនានា ធ្វើការសម្របសម្រួលក្នុងការដោះស្រាយការឡើងកម្តៅផែនដី ស្របពេលមានការព្រួយបារម្ភថា សន្និសីទអង្គការសហប្រជាជាតិអំពីបញ្ហានេះ អាចនឹងបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងសំខាន់។

នៅក្នុងការអំពាវនាវលើកទី២របស់ខ្លួន នៅឯកិច្ចចរចានៅក្នុងប្រទេសប៉ូឡូញ ក្នុងអំឡុងរយៈពេល១០ថ្ងៃ លោក ហ្គូដទើរ៉េស បានប្រាប់ក្រុមរដ្ឋមន្ត្រី និងអ្នកការទូតជាន់ខ្ពស់មកពីជិត២០០ប្រទេសថា ពួកគេគួរតែពិចារណាពីជោគវាសនារបស់មនុស្សជំនាន់ក្រោយ ហើយថា នេះគឺជាពេលវេលាសម្រាប់ការសម្របសម្រួលនយោបាយ ដែលនេះមានន័យថា ការលះបង់ ប៉ុន្តែវានឹងផ្តល់ផលប្រយោជន៍ដល់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា របាយការណ៍វិទ្យាសាស្ត្រថ្មីៗនេះ ដែលចេញផ្សាយដោយគណៈកម្មាធិការមួយគាំទ្រដោយអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការឡើងកម្តៅផែនដីអាចទប់ស្កាត់បានត្រឹមតែ១,៥អង្សារប៉ុណ្ណោះ ប្រសិនបើសកម្មភាពបន្ទាន់ត្រូវបានធ្វើឡើងនៅត្រឹមឆ្នាំ២០៣០ រួមទាំងការកាត់បន្ថយយ៉ាងខ្លាំងនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

ការអនុម័តរបាយការណ៍ដោយគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភកាលពីចុងសប្តាហ៍កន្លងទៅ ជាមួយសហរដ្ឋអាម៉េរិក រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត និងកូវ៉ែត ដែលបានប្រឆាំងនឹងចំណាត់ការនេះ ៕
