នាយករដ្ឋមន្ត្រីអង់គ្លេសប្តេជ្ញាចិត្តដឹកនាំប្រទេសខ្លួនចាកចេញពីសហភាពអឺរ៉ុបឲ្យបាន
អង់គ្លេស៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្ត នៅក្នុងរដ្ឋាភិបាលកាលពីថ្ងៃពុធម្សិលមិញនោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធើរ៉េសា ម៉េ បានប្តេជ្ញាចិត្តយ៉ាងមុតមំាថា នឹងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងដើរចេញពីសហភាពអឺរ៉ុប ឬ (Brexit) ដែលពលរដ្ឋអង់គ្លេសបានបោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើន។

ក្នុងការបោះឆ្នោតផ្ទៃក្នុងរដ្ឋាភិបាលនៅពុធសប្តាហ៍នេះ សមាជិកសភាអង់គ្លេសប្រមាណ២០០នាក់របស់បក្សអភិរក្សនិយមរបស់លោកស្រី ម៉េ ផ្ទាល់ បានបោះឆ្នោតគាំទ្ររដ្ឋាភិបាលលោកស្រី ខណៈ១១៧នាក់ទៀតបានសម្តែងការមិនជឿទុកចិត្ត ដើម្បីព្យាយាមទម្លាក់លោកស្រីចេញពីតំណែង ជុំវិញការចរចាកិច្ចព្រមព្រៀង Brexit របស់លោកស្រី ជាមួយសហភាពអឺរ៉ុប។ ដោយសារលទ្ធផលបែបនេះ ការបោះឆ្នោតសម្តែងការមិនទុកចិត្ត មិនអាចប្រព្រឹត្តទៅបានជាថ្មីម្តងទៀតឡើយ រហូតទាល់តែ១២ខែទៀត។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ថែមទាំងបានសន្យាទៀតថា លោកស្រីនឹងព្យាយាមស្វែងរកការធានាថែមទៀតពីថ្នាក់ដឹកនាំសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងសាធារណរដ្ឋអៀរឡង់ និងអៀរឡង់ខាងជើង ដោយសាធារណរដ្ឋអៀរឡង់គឺជាប្រទេសឯករាជ្យមួយ និងជាសមាជិកនៃសហភាពអឺរ៉ុប ខណៈអៀរឡង់ខាងជើងស្ថិតក្នុងផ្នែកនៃចក្រភពអង់គ្លេស៕
