អូស្ត្រាលីជ្រើសយកតំបន់ភាគខាងត្បូងប្រទេស ធ្វើជាទីស្នាក់ការទីភ្នាក់ងារអវកាសដំបូងរបស់ខ្លួន
អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ារីសុន បានប្រកាសថា ទីក្រុង អាដេឡាដ ដែលជារដ្ឋធានីរបស់រដ្ឋអូស្ត្រាលីភាគខាងត្បូង នឹងក្លាយជាទីស្នាក់ការរបស់ទីភ្នាក់ងារអវកាសដំបូងបំផុតរបស់ប្រទេសអូស្ត្រាលី ខណៈទីស្នាក់ការនេះ នឹងលេចរូបរាងឡើងនៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខ។

ទីស្នាក់ការរបស់ទីភ្នាក់ងារអវកាសរបស់អូស្ត្រាលី នឹងត្រូវទទួលបានទុនវិនិយោគជំហានដំបូងប្រមាណ៤១លានដុល្លារអូស្ត្រាលី ឬស្មើនឹង២៩,៥៦លានដុល្លារអាម៉េរិក ដើម្បីជាការចាប់ផ្តើមជំរុញសន្ទុះសេដ្ឋកិច្ច តាមរយៈវិស័យអវកាសអូស្ត្រាលី និងបង្កើតឱកាសការងារថ្មីរាប់ម៉ឺនកន្លែង។

ទោះបីជាអូស្ត្រាលី បានដើរក្រោយមហាអំណាចជាច្រើន នៅក្នុងបង្កើតទីស្នាក់ការធំនៃទីភ្នាក់ងារអវកាសរបស់ខ្លួនក្តី ប៉ុន្តែបើគេសង្កេតមើលពីលទ្ធផលកន្លងរបស់ប្រទេសនេះ គឺពិតជាធំធេងណាស់ ជាពិសេសវិស័យតារាសាស្ត្រ និងការចាប់រលកវិទ្យុសញ្ញាពីទីអវកាស បូករួមទាំងការសិក្សាអំពីកំណកំណើតជីវិតនានា នៅលើផែនដីជាដើម។ ទីភ្នាក់ងារអវកាសអូស្ត្រាលីត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០១៧ និងស្ថិតក្រោមការដឹកនាំរបស់លោកស្រី មេហ្គានក្លាក៕


