វិនិយោគិនមកពីប្រទេសចិនបោះទុនជាង១,៧០០លានដុល្លារលើវិស័យអចលនវត្ថុនៅក្នុងខេត្តមានសក្តានុពលចំនួន៣របស់ប្រទេសកម្ពុជា

ស្វាយរៀង៖ ដោយពិនិត្យលើសក្តានុពលទីផ្សារកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាមូលដ្ឋានគាំទ្រកំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសនោះ ទើបក្រុមវិនិយោគិនមកពីប្រទេសចិនបានបោះទុនប្រមាណជាង១,៧០០លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើវិស័យអចលនៈទ្រព្យនៅកម្ពុជា ដែលផ្តោតសំខាន់លើសហគ្រាស សម្ព័ន្ធមានលក្ខណៈអន្តរជាតិ និងពហុវិស័យ។ ឯកឧត្តម សេង សិលា អភិបាលក្រុងបាវិត បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់លក់គម្រោងទីក្រុង ហេងហេង នៅក្រុងបាវិត នៅថ្ងៃទី១២ ខែធ្នូនេះថា ស្របតាមគោលនយោបាយបើកចំហជើងមេឃ នឹងកៀងគរវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជានោះ ក្រុងបាវិតក៏បានទទួលស្វាគមអ្នកវិនិយោគជាច្រើន ជាពិសេសអ្នកវិនិយោគិមកពីប្រទេសចិន បានចូលមកបណ្តាក់ទុនវិនិយោគលើវិស័យអចលនៈទ្រព្យ ក្នុងនោះមានអគារខ្ពស់ៗ សណ្ឋាគារ ការស៊ីណូ លំដាប់ថ្នាក់អន្តរជាតិប្រណិតៗជាច្រើនបានកើតឡើងជាហូរហែ។ ឯកឧត្តមអភិបាលក្រុងបន្ថែមទៀតថា នៅចំពោះមុខនេះ មានសណ្ឋាគារ និងការស៊ីណូចំនួន៤ បាននិងកំពុងសាងសង់ ហើយក៏មានគម្រោងសាងសង់មួយចំនួនទៀត ដែលគ្រោងនឹងស្ថាបនាជាបន្តបន្ទាប់នាបេលខាងមុខ។

លោក ស៊ូ ឡំាងស៊ឹង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហេងហ៊ី គ្រុប បានបញ្ជាក់ថា ក្រុមហ៊ុន ហេង ហ៊ី បង្កើតឡើង ដើម្បីធ្វើអាជីវកម្មវិនិយោគលើវិស័យអចលនវត្ថុ ដែលគ្របដណ្តប់ទៅលើអចលនវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងអចលនវត្ថុ ការវិនិយោគហិរញ្ញវត្ថុ សណ្ឋាគារ ភោជនីយដ្ឋាន ការកម្សាន្ត ការអភិវឌ្ឍទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិជាដើម ដែលក្រុមហ៊ុនបានប្រើប្រាស់ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនសម្ព័ន្ធចំនួន១,៧០០លានដុល្លារអាមេរិកនៅលើមានដីប្រមាណ២ពាន់ហិកតានៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។ លោកបន្តថា ដោយឡែកសម្រាប់ទីក្រុង ហេង ហេង វិញ ជាគម្រោងកម្មសិទ្ធិអចលវត្ថុអចិន្ត្រៃយ៍មួយ ដែលក្រុមហ៊ុនបានបណ្តាក់ទុនជាច្រើនលានដុល្លារ លើផ្ទៃដីសរុប៧ហិកតា និងមានផ្ទៃក្រឡាសំណង់រហូតដល់១៧,៨ម៉ឺនម៉ែត្រការ៉េ និងមានផែនការសាងសង់សណ្ឋាគារលំដាប់ផ្កាយចំនួន១ កាស៊ីណូ អគារការិយាល័យ អាផាតមិន ព្រមទាំងផ្ទៃដីបំរុងទំហំ៣ពាន់ម៉ែត្រការ៉េ សម្រាប់សង់ផ្សារទំនើប និង ហាងកែសម្ជស្ស ដែលអាចបំពេញតម្រូវការគ្រប់ជ្រុងជ្រោយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានអះអាងថា ក្រុមហ៊ុនមានចក្ខុវិស័យ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរក្រុងបាវិត នឹងធ្វើឲ្យទីក្រុងជាប់ព្រំដែនមួយនេះ ក្លាយជាទីក្រុងដែលមានភាពទាក់ទាញ និងជាក្រុងដែលស៊ីវីល័យមួយក្នុងប្រទេសកម្ពុជា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner