អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខួបលើកទី១២ នៅសាលាស្រុកសន្ទុក
កំពង់ធំ៖ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខួបលើកទី១២ ក្រោមប្រធានបទ “រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាព លោកស្រី ឡេង សុក្ខី តំណាងលោក ទូច សុខាអភិបាលស្រុកសន្ទុក លោក ខ្លូត ណុយ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្ត និងលោក ធង ជ្រឿង ប្រធានអង្គការ CWCC ខេត្តកំពង់ធំ មានអ្នកចូលរួមប្រមាណជាង២០០នាក់ នៅសាលាស្រុកសន្ទុក។
លោក ធង ជ្រឿន ប្រធានអង្គការ CWCC ខេត្តកំពង់ធំ បានថ្លែងថា គម្រោងរបស់អង្គការ CWCC ក្រោមជំនួយពី J.A.Clark Charitable Trust របស់ចក្រភពអង់គ្លេស ដែលអនុវត្តនៅក្នុងស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងគោលបំណង ដើម្បីរួមចំណែកពង្រឹងសិទ្ធិអំណាចស្ត្រី និងកុមារី ដោយផ្តោតសំខាន់លើបញ្ហាសិស្សបោះបង់សាលារៀន ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន អំពើជួញដូរមនុស្ស ជាពិសេស បានផ្តល់នូវអាហាររូបករណ៍ដល់សិស្សក្រីក្រ ថ្នាក់វិទ្យាល័យចំនួន១០០នាក់ ដែលមានអាយុចាប់ពី១៤ ដល់២០ឆ្នាំ ជារៀងរាល់ឆ្នាំផងដែរ។
ក្នុងឱកាសនោះដែរ លោក ខ្លូត ណុយ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានផ្តល់ជូននូវអនុសាសន៍ល្អៗដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្ត្រីភេទ និងកុមារ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ក៏បានសហការគ្នា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដែលយើងកំពុងធ្វើជាប្រចាំដូចភ្លៀងរលឹម ពីព្រោះជនទុច្ចរិតវាក៏នៅតែចាំមើលយើងដែរ ដូច្នោះយើងមិនត្រូវមានការធ្វេសប្រហែសឡើយ។
លោកស្រី ឡេង សុក្ខី សំណាងអភិបាលស្រុកសន្ទុក បានថ្លែងអំណរគុណដល់អង្គការ CWCC ដែលបានរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ សម្រាប់បង្កើនចំណេះដឹងជាសាធារណៈជន អំពីអំពើជួញដូរមនុស្ស និងកេងប្រវ័ពា្ចគ្រប់រូបភាព ជាពិសេស ស្តី្រ នឹងកុមារ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលធ្វើឲ្យមានការប៉ះពាល់សេចក្តីថ្លែថ្នូរ កិត្តិយស ក្នុងសង្គមជាតិទាំងមូល។ ដោយលោកស្រីបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ កាន់តែខ្លាំងក្លា ក្នុងការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មី ដល់មនុស្សជាតិទៀតផង។ ជាមួយគ្នានោះដែរ លោកស្រី ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួន ក្លាយជាទំពាំងស្នងឬស្សី និងអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សូមជួយផ្សព្វផ្សាយអំពីល្បិចកិចកលរបស់ជនខិលខូច ដែលលួងលោម បោកបញ្ឆោតគ្រប់រូបភាព ក្នុងគោលបំណងជួញដូរស្ត្រី និងកុមារ និងចូលរួម សួរសំណួរ និងឆ្លើយសំណួរ ក្នុងពិធីប្រកបដោយបរិកាសរីករាយ។ ចុងបញ្ចប់ គណៈអធិបតី បានផ្តល់កិត្តិយសបង្ហោះប៉ោងៗ ដើម្បីអបអរសាទរនៃទិវា១២ធ្នូ រួមជាមួយសមាជិកទាំងអស់ផងដែរ៕ ម.ន
ដោយៈ ប៊ុន រដ្ឋា




