លោក ដូណាល់ ត្រាំ ប៉ះទង្គិចគ្នាជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការផ្តល់ថវិកាសម្រាប់សង់ជញ្ជាំងព្រំដែនជាប់ម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅថ្ងៃអង្គារ៍នេះ ក្នុងរឿងផ្តល់ថវិកាសម្រាប់សង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាម៉េរិក និងម៉ិកស៊ិក ខណៈលោក ត្រាំ ព្រមានបិទរដ្ឋាភិបាលមួយផ្នែកនៅសប្តាហ៍ក្រោយ ដោយសារការខ្វែងគំនិតគ្នានេះ។

លោក ដូណាល់ ត្រាំ បានជជែកជាមួយមេដឹកនាំព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោក ឆាលី ឈូម៊ឺ និងលោកស្រី ណាន់ស៊ី ភែលឡូស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំនៃគណបក្សមានសំឡេងភាគតិចក្នុងរដ្ឋសភា លើរឿងសង់ជញ្ជាំងនេះ នៅពេលដែលក្រុមអ្នកយកព័ត៌មានឈរមើលក្នុងការិយាល័យប្រធានាធិបតី មុននឹងលោក ត្រាំ បណ្តេញពួកអ្នកយកព័ត៌មានចេញ ហើយបន្ទាប់មកបានពិភាក្សាជាមួយមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យទាំង២រូបក្នុងលក្ខណៈឯកជន។

លោក ត្រាំ ចង់បានថវិកាចំនួន៥ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំងកម្ពស់១៥ម៉ែត្រ ដែលនៅទីបំផុតអាចត្រូវចំណាយអស់២០ពាន់លានដុល្លារ នៅតាមបណ្តោយព្រំដែនប្រវែង៣ពាន់២រយគីឡូម៉ែត្រ ជាមួយប្រទេសម៉ិកស៊ិក ប៉ុន្តែ លោក ឈូម៊ឺ ថ្លែងថា គណបក្សប្រជាធិបតេយ្យសុខចិត្តឲ្យប្រាក់១ពាន់៣រយលានដុល្លារ សម្រាប់ចាយវាយក្នុងកិច្ចការសន្តិសុខតាមទល់ដែនសម្រាប់ឆ្នាំ២០១៩៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner