យានអវកាស Voyager-2 ក្លាយជាយានអវកាសទីពីររបស់អង្គការ NASA អាចទម្លាយចេញទៅក្រៅប្រព័ន្ធព្រះអាទិត្យ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន RT បានចុះផ្សាយថា ទីបំផុតយានអវកាស Voyager-2 របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានចេញផុតពីដែនសីមារបស់ព្រះអាទិត្យ ហើយឈានចូលដល់តំបន់ចន្លោះប្រព័ន្ធផ្កាយ ដែលគេហៅថា «Interstellar Space» ដូចយានភ្លោះរបស់វា គឺ Voyager-1 ដែរហើយ។

យានអវកាស Voyager-2 គឺជាយានទី២ ហើយដែលបានស្គាល់តំបន់ Interstellar Space ដែលស្ថិតនៅចម្ងាយ១៨ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ក្រោយពីយាន Voyager-1 ដែលជាយានភ្លោះរបស់វា បានឆ្លងចូលតំបន់នេះកាលពីខែសីហា ឆ្នាំ២០១២ ពោលគឺ៣៥ឆ្នាំក្រោយវាត្រូវបានគេបញ្ជូនឡើងទីអវកាស ខណៈបច្ចុប្បន្ន Voyager-1 ស្ថិតនៅចម្ងាយជាង២១ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន អង្គការ NASA បានបញ្ជាក់ថា យាន Voyager-2 ដែលកំពុងស្ថិតនៅចម្ងាយប្រមាណ១៨ពាន់លានគីឡូម៉ែត្រ ពីផ្កាយរបស់យើង បានឆ្លងចូលតំបន់ Interstellar Space ហើយ បន្ទាប់ពីការធ្វើដំណើររយៈពេល៤១ឆ្នាំក្នុងទីអវកាស ជាមួយចម្ងាយផ្សងព្រេងសរុបប្រហែល៣០ពាន់លានគីឡូម៉ែត្រ។

សូមជម្រាបថា ក្នុងអំឡុងពេលជាង៤០ឆ្នាំរបស់វា យានអវកាស Voyager-2 បានហោះកាត់ភពព្រហស្បតិ៍ត (Jupiter) ភពសៅរ៍ (Saturn) ភពអុយរ៉ាណុស និងភពណិបទូន ដោយបានផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើនអំពីភពទាំងបួន ដែលជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរាប់ទសវត្សរ៍មកនេះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner