សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រហូតមកដល់ពេលនេះ រាល់គោលនយោបាយអភិវឌ្ឍន៍របស់សម្តេច គឺកម្រខុសណាស់ បើខុស គឺខុសតិចតួចប៉ុណ្ណោះ
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថា សម្តេចធ្លាប់បានប្តូរផ្តាច់ និងតស៊ូមតិនៅក្នុងរដ្ឋសភា ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋលក់ដីស្រែរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៤។ បើតាមសម្តេច នៅពេលនោះមានតំណាងរាស្ត្រមួយចំនួន បានប្រឆាំងនូវគំនិតលក់ដីស្រែនៅតាមបណ្តោយផ្លូវជាតិលេខ៤នេះ។ សម្តេចតេជោ បានបញ្ជាក់ថា គំនិតរារាំងមិនឲ្យប្រជាពលរដ្ឋលក់ដីស្រែនៅតាមបណ្តោយផ្លូវជាតិលេខ៤ គឺជាការគិតខុសមួយ។
សម្តេចតេជោថា បើទុកដីឲ្យប្រជាពលរដ្ឋធ្វើស្រែ គឺទទួលបានផលតិចតួចប៉ុណ្ណោះ តែបើពួកគាត់លក់ដីបានថ្លៃហើយយកថវិកានោះទៅទិញដីកន្លែងផ្សេង ឬប្រកបរបរផ្សេងគឺបានចំណេញ។ មួយវិញទៀត នៅពេលរោងចក្រ សហគ្រាសត្រូវបានបង្កើតឡើងនៅតាមដីស្រែនោះ គឺបានផ្តល់ការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ។ សម្ដេច បញ្ជាក់ថា រហូតមកដល់ពេលនេះ រាល់គោលនយោបាយអភិវឌ្ឍន៍របស់សម្តេច គឺកម្រខុសណាស់ បើខុស គឺខុសតិចតួចប៉ុណ្ណោះ៕ម.ន



