ប្រធានាធិបតីអ៊ុយក្រែន សម្រេចចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី
អត្ថបទដោយ៖
ហេង វណ្ណា
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូរវាងអ៊ុយក្រែន និងរុស្ស៊ីដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩៧។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បានលើកឡើងថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការមិនបន្តសុពលភាពលើសន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី គឺជារឿងគួរឱ្យសោកស្ដាយជាទីបំផុត និងប្រឆាំងផលប្រយោជន៍ ក៏ដូចជាមិនគោរពដល់ប្រជាជនអ៊ុយក្រែន។
សូមបញ្ជាក់ថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងជាថ្មីក្រោយមានការប៉ះទង្គិចគ្នា និងការរឹបអូសទូកអ៊ុយក្រែនពីសំណាក់ទីក្រុងម៉ូស្គូ នៅឯច្រកសមុទ្រឃើច ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរបានកើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ បន្ទាប់ពីរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។