ជនភៀសខ្លួនស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនាឆ្នាំក្រោយនេះ
ស្វីស៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា ជនចំណាកស្រុកស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញនៅក្នុងឆ្នាំ២០១៩ខាងមុខ ខណៈពួកគេភាគច្រើនបានប្រឈមមុខជាមួយបញ្ហាឯកសារ និងទ្រព្យសម្បត្តិ ដោយរដ្ឋាភិបាលស៊ីរីត្រូវតែជួយដោះស្រាយ។ បើតាមទីភ្នាក់ងារ UNHCR នោះ ជនភៀសខ្លួនស៊ីរីប្រមាណជាង៥,៦លាននាក់ នៅតែបន្តជ្រកកោណនៅតាមបណ្តាប្រទេសជិតខាងជាច្រើនរបស់ស៊ីរី ក្នុងនោះរួមមានតួកគី លីបង់ ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ាក់ ស្របពេលដែលនាយកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា និងអាហ៊្វ្រិកខាងជើងលោក អាមីន អាវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនភៀសខ្លួនស៊ីរីប្រហែល៣៧,០០០នាក់ហើយ បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនៅក្នុងឆ្នំា២០១៨នេះ។ លោក អាមីន អាវ៉ាដ បាននិយាយថា យើងកំពុងព្យាករណ៍នៅក្នុងដំណាក់កាលនេះ នឹងមានក្រុមជនភៀសខ្លួនរហូតដល់២៥០,០០០នាក់ ទំនងជាវិលត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញនៅក្នុងឆ្នំាំ២០១៩ខាងមុខ ខណៈតួលេខនេះ អាចកើនឡើង ឬថយចុះ គឺអាស្រ័យដោយពួកយើងកំពុងធ្វើការដើម្បីជម្នះឧបសគ្គនានា ក្នុងការនាំយកពួកគេត្រឡប់ទៅវិញ៕ម.ន



