សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ១ម៉ឺន៧៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានឱ្យដឹងថា កម្មករ កម្មការិនី ១៧,៦២១នាក់ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលនៅថ្ងៃនេះ មកពីរោងចក្រសហគ្រាសស្ថិតនៅក្នុងស្រុកសំរោងទងទាំងអស់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៨ កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១។ រោងចក្រទាំង២៣នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧ ផលិតស្បែកជើងចំនួន៥ ផលិតកាបូបចំនួន៥ ផលិតសម្ភារធ្វើដំណើរចំនួន៣ ផលិតខ្សែរូតចំនួន១ ផលិតប្រដាប់សម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១។ ផលិតផលផលិតនៅរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្ម ហើយក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយកាលពីសម័យសង្គ្រាមផងដែរ។ បច្ចុប្បន្នខេត្តនេះ បានក្លាយជាខេត្តដែលមានការទាក់ទាញវិនិយោគវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងជាច្រកសេដ្ឋកិច្ចភ្នំពេញឆ្ពោះទៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុផងដែរ។ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០ម៉ឺន ២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩ម៉ឺន ៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុង១ឆ្នាំ។ សូមរម្លឹកថា គិតចាប់តាំងពីថ្ងៃទី២០ សីហា ឆ្នាំ២០១៧ សម្ដេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ គឺជាការជួបសំណេះសំណាលលើកទី៦០ ហើយ ដោយមានកម្មករ និយោជិត ប្រធានផ្នែក ប្រធានក្រុម ប្រធានរដ្ឋបាលចូលរួមសរុប ៨៥ម៉ឺន៩,៥៦៧នាក់៕ម.ន



