គម្រោងខុនដូ BOYI-NEW WORLD របស់វិនិយោគិនចិន បើកសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជាកំពុងមានការរីកលូតលាស់ខ្លាំង ជាពិសេសលើវិស័យខុនដូ និងអគារស្នាក់នៅបែបទំនើបៗ ជាក់ស្តែងនៅឆ្នាំ២០១៧សំណង់ទូទាំងប្រទេស មានចំនួនសរុប៣,០៥២គម្រោង មានផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង៦,៤២៨លានដុល្លារ។ ខុនដូមួយទៀតដែលវិនិយោគដោយវិនិយោគិនចិន ត្រូវបានបើកសម្ពោធលក់ជាផ្លូវការនៅកម្ពុជា មានឈ្មោះថា ខុនដូ ប៉ូយីញូវ វើល (BOYI-NEW WORLD) មានទីតាំងស្ថិតនៅផ្លូវលេខ៣៤៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខុនដូនេះ មានកម្ពស់២៣ជាន់ ៧៦២យូនីត និងមានទំហំ១៣,០៦៣ម៉ែត្រការ៉េ ដែលក្នុងនោះរួមមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន ក្លិបហាត់ប្រាណ អាងហែលទឹក (ជាន់ទី៥) កន្លែងចតឡានដែលអាចចតបាន៣១០គ្រឿង និងនៅជាន់លើបំផុតជាសួនច្បារ។
ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានថ្លែងនៅក្នុងពិធីបើកសម្ពោធលក់គម្រោងខុនដូនេះថា គម្រោងខុនដូ BOYI-NEW WORLD ស្ថិតនៅតំបន់ដែលសម្បូរទៅដោយអភិជនរស់នៅ ហើយនៅពេលបញ្ចប់គម្រោង វានឹងក្លាយទៅជាទីតាំងថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលអាចចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់រូបរាងថ្មី និងការរស់នៅថ្មីនៅក្នុងរាជធានីភ្នំពេញ ហើយស្តាឡើងវិញនូវកិត្តិនាមរបស់ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះល្បីល្បាញថា ជាគុជនៃតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបន្តថា គម្រោង BOYI-NEW WORLD បានចាក់គ្រឹះនៅរាជធានីភ្នំពេញ វាឆ្លុះបញ្ចាំងឲ្យឃើញអំពីទំនុកចិត្តរបស់ក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងខុនដូតំបន់អភិវឌ្ឍន៍បំផុតនៅក្នុងខណ្ឌទួលគោកនេះ អាចធ្វើចរាចរងាយស្រួល ព្រមទាំងជាភូមិសាស្ត្រវប្បធម៌ និងសេដ្ឋកិច្ចការរីកចម្រើនខ្លាំង។ ឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន BOYI Real Estate Development CO.,Ltd សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ និងសូមអបអរសាទរចំពោះសមិទ្ធផលថ្មីៗរបស់ក្រុមហ៊ុនដែលទទួលបានកន្លងមក។
ជាមួយគ្នានេះ លោក លី ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BOYI Real Estate Development CO.,Ltd បានលើកឡើងថា លោករីករាយក្នុងការវិនិយោគ និងអភិវឌ្ឍន៍ វិស័យស្ថាបត្យកម្មដ៏អស្ចារ្យនេះនៅលើទឹកដីកម្ពុជា និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះគម្រោងវិនិយោគនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានសន្យានឹងបន្តជួយអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយអំពាវនាវដល់វិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕ម.ន




