កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបន្ថែមទៀតពីសហរដ្ឋអាមេរិកមកបំពាក់នាវាពិឃាតរបស់ខ្លួន
កូរ៉េខាងត្បូង៖ នាយកដ្ឋានទិញសព្វាវុធនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា ទីបំផុតរដ្ឋាភិបាលក្រុង សេអ៊ូល បានអនុញ្ញាតលើគម្រោងតម្លៃ៣០០លានដុល្លារ ស្តីពីការទិញមីស៊ីលបន្ថែមជាប្រភេទបាញ់ចេញពីនាវាទៅផ្ទៃអាកាសពីសហរដ្ឋអាមេរិក មកបំពាក់លើនាវាពិឃាតថ្មីចំនួន០៣គ្រឿង ដែលប្រើប្រាស់ប្រព័ន្ធប្រយុទ្ធដ៏ទំនើបហៅថា អ៊េកជីស ។

ប្រភេទមីស៊ីលដែលកូរ៉េខាងត្បូងគ្រោងទិញពីសហរដ្ឋអាមេរិកនោះ គឺជាមីស៊ីលប្រភេទ SM-2 ដែលត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីផ្តល់ការការពារដែនអាកាស និងប្រឆាំងជាមួយប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយ (គ្រូស មីស៊ីល) ក្នុងផ្នែកនៃប្រព័ន្ធប្រយុទ្ធដោយប្រើមីស៊ីល ដែលគេហៅថា អ៊េកជីសរបស់ក្រុមនាវាចម្បាំង។

ហើយការអនុញ្ញាតនេះទៀតសោត ធ្វើឡើងនាថ្ងៃសុក្រនេះ ក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកការទិញសព្វាវុធរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ។ ដោយក្រៅពីគម្រោងទិញមីស៊ីល គណៈកម្មាធិការនេះ ក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha ដើម្បីផលិតមីស៊ីលប្រភេទទំហំ២៣០មីលីម៉ែត្រ សម្រាប់ប្រព័ន្ធបាញ់មីស៊ីលច្រើនក្នុងពេលតែមួយផងដែរ ៕