ប្រធានាធិបតីចិនអំពាវនាវអោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង
ចិន៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ នៅក្នុងថ្ងៃសុក្រនេះ ដោយបានស្នើឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជម្រុញស្ថិរភាពនៃការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ។

ក្នុងអំឡុងជំនួបខាងលើនេះ លោក ស៊ី ជិនពីង បានប្រាប់លោក រី យ៉ុងហួរ អំពីក្តីសង្ឃឹមរបស់ប្រទេសចិន ដែលចង់ឃើញសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ដោយគោរពគ្នាទៅវិញទៅមក ហើយលោក ស៊ី ថែមទំាំងបានអំពាវនាវផងដែរ អោយមានការពង្រឹង និងបង្កើនទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ។ មុនពេលជួបជាមួយប្រធានាធិបតីចិន ប្រមុខការទូតកូរ៉េខាងជើងរូបបានជួបពិភាក្សាគ្នាជាមួយសមភាគីចិន លោក វ៉ាង យី ដោយលោក រី នៅតែបញ្ជាក់ដដែលថា កូរ៉េខាងជើងនៅតែបន្តរក្សាការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ និងរក្សាស្ថេរភាព ក៏ដូចជាសន្តិភាពនៅលើឧបទ្វីបកូរ៉េ ។

សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ហើយគ្រោងនឹងវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃសៅរ៍នេះ ៕
