ប្រជាពលរដ្ឋនៅឃុំត្រែង ស្រុកកណ្តាលស្ទឹង បានថ្លែងសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងលេចជារូបរាងឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា

ប្រជាពលរដ្ឋនៅឃុំត្រែង ស្រុកកណ្តាលស្ទឹងបានថ្លែងសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងលេចជារូបរាងឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តួយ៉ាងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សាលាបុណ្យ១ខ្នង និងស្រះទឹកចំនួន១ ស្ថិតនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចំណាយអស់ថវិកាចំនួន២៣៩លានរៀល ត្រូវបានកាត់ខ្សែបូ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ តាមរយៈសមិទ្ធផលជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឧកញ៉ា ទ្រី ភាព បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិជ្រលង ឃុំត្រែង ស្រុកកណ្តាលស្ទឹង មានការរីកចម្រើន ជីវភាពក៏សំបូរសប្បាយ និងបានប្រែមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ពីផ្លូវដីទៅជាផ្លូវប៉េតុង ផ្លូវកៅស៊ូ សាលារៀន មណ្ឌលសុខភាព វត្តអារាម សាលាបុណ្យ ធ្វើឲ្យប្រជាជនរស់នៅដោយសុខសាន្ត។

ឯកឧត្តមឧកញ៉ា ទ្រី ភាព បានមានប្រសាសន៍ថា សាលាសន្សំបុណ្យ១ខ្នង និងស្រះទឹកនេះ ជាសម្មិទ្ធផលថ្មី១ បន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំត្បែងទាំងមូល សម្រាប់ប្រើប្រាស់ធ្វើពិធីសាសនា និងគោរពបូជា ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លើសនេះ ឯកឧត្តមឧកញ៉ាបណ្ឌិត ក្នុងនាមជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី និងជាអ្នកគោរព និងប្រតិបត្តិធម្មផង ប្តេជ្ញាខិតខំបន្តកសាងសមិទ្ធផលផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំត្បែង ក៏ដូចជាខេត្តកណ្តាល ជាពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តម ឧកញ៉ា ទ្រី ភាព  ក៏ស្នើឲ្យបងប្អូន លោកយាយ លោកតា រួមគ្នាថែរក្សានូវអ្វីដែលជាសមិទ្ធផលរួម ដែលកំពុងមាននាពេលនេះឱ្យបានល្អ គង់វង្សយូរអង្វែងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបានប្រើប្រាស់ផងដែរ។
 
គួរបញ្ជាក់ថា ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំនួន៣.១១១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០.០០០រៀល ចាស់ព្រឹទ្ធចារ្យចំនួន ១០០នាក់ ក្នុងម្នាក់ ចំនួន៥០.០០០រៀល ក្រុមកាយរិទ្ធ និងកាកបាទក្រហម ១៥០នាក់ ក្នុងម្នាក់ចំនួន២០.០០០រៀល គណបក្សស្រុក ចំនួន១លានរៀល គណបក្សឃុំចំនួន ១លានរៀល សឹករងចំនួន ១លានរៀល អាវុធហត្ថចំនួន ១លានរៀល នគរបាលស្រុក ១លានរៀល និងប៉ុស្ដិ៍ឃុំចំនួន ១លានរៀល ប្រគេនព្រះសង្ឃចំនួន៧អង្គ ក្នុង១អង្គ បច្ច័យចំនួន ១លានរៀល និងស្លាដក់១។ បន្ថែមលើនេះ លោកឧកញ៉ា បានចូលរួមកសាងវត្តចំនួន៧ សរុបជាទឹកប្រាក់៨លានរៀល និងក្រុមល្ខោនបាសាក់ និងក្រុមតន្ត្រីចែកជូនបងប្អូនទស្សនា ចំនួន១១,៦រៀល ព្រមទាំងការចំណាយផ្សេងៗទៀត សរុបទឹកប្រាក់អស់ចំនួន១៦៥លានរៀល៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner