តុលាការសម្រេច នឹងប្រកាសសាលក្រមមេសហជីពធំៗទាំង៦នាក់ នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៨
ជនត្រូវចោទ៦នាក់ ដែលជាមេៗសហជីពរួមមាន លោក អាត់ ធន់ លោកស្រី ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុនី លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវតុលាការកោះហៅឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ដើម្បីសវនការជំនុំជម្រះលើសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីឆ្នាំ២០១៣-២០១៤។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សវនាវការនេះ មិនមានវត្តមានជនត្រូវចោទទាំង៦នាក់នោះទេ។ ក្រោយសវនការបានបញ្ចប់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោក អ៊ឹម វណ្ណ: ចៅក្រមជំនុំជម្រះនៃសាលដំបូងរាជធានីភ្នំពេញ បានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងសាលសវនាការ គេសង្កេតឃើញវត្តមាន ក្រុមមេធាវីរបស់ជនត្រូវចោទចំនួន៥នាក់ ហើយដើមបណ្តឹង និងជាជនរងគ្រោះមួយចំនួន។ ប៉ុន្តែអវត្តមានដើមបណ្តឹងភាគច្រើន និងក៏អវត្តមានមេធាវីរបស់ដើមបណ្តឹងផងដែរ។ លោក ទឹម វុទ្ធី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ដែលជាជនរងគ្រោះ (ខូចភ្នែក) ក្នុងករណីហិង្សាខាងលើនេះ ក៏បានបង្ហាញវត្តមានក្នុងសវនាការនេះដែរ។ ជនរងគ្រោះរូបនេះ ទាមទារសំណងជំងឺចិត្ត៤០លានរសៀល។ ចៅក្រមជំនុំជម្រះ នៃអង្គសវនាការ លោក អ៊ឹម វណ្ណ: បានប្រកាសដំណើរការជំនុំជម្រះ ដោយសំអាងហេតុ និងយល់ស្របពីតណាងអយ្យការ លោក លី សុផាណា ព្រមទាំងក្រុមមេធាវីជនត្រូវចោទទាំង៦នាក់ ដោយមូលដូចគ្នាថា «ដីការកោះបានធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ ហើយជនត្រូវចោទ បឬមេធាវីបានទទួលគ្រប់ៗគ្នា និងជនត្រូវចោទទាំងអស់នោះ ក៏ធ្លាប់មានកំណត់ហេតុ សួរយកចម្លើយគ្រប់គ្នា រួចរាល់ហើយដែរ នៅដំណាក់ចំណាត់ការនីតិវិធី កន្លងមក ដូចច្នេះ អង្គសវនាការ ប្រព្រិត្តទៅបាន»។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពេលនេះ សហជីពមួយចំនួននៅក្នុងចំណោមសហជីពទាំង៦រូបខាងលើ មានវត្តមាននៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោកបានអំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសហជីពពួកលោក នឹងបើកឱ្យធ្វើសកម្មភាពស្របតាមច្បាប់ឡើងវិញ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធបញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕ម.ន