ណេតបង្កប់ល្បែងស៊ីសង 22B-15P-333KR-R7 Café កំពុងរីកដូចផ្សិតក្នុងខណ្ឌទួលគោក ប៉ុន្តែអាជ្ញាធរគ្មានវិធានការបង្ក្រាប ដោយផ្គើនបទបញ្ជាថ្នាក់ដឹកនាំ
ភ្នំពេញ៖ គេសង្កេតឃើញថា ទីតាំងណេតបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងចាក់បាល់ តាមប្រព័ន្ឋអ៊ិនធើណិត ដែលមានយីហោ 22B-15P-333KR-R7 Café និងទីតាំងផ្សេងទៀត ដែលបានដោះស្លាកយីហោចេញដើម្បីបំភាន់ភ្នែក កំពុងរីកដូចផ្សិតក្នុងខណ្ឌទួលគោក ប៉ុន្តែអាជ្ញាធរខណ្ឌទួលគោក គ្មានវិធានការបង្ក្រាប ដោយផ្គើនបទបញ្ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអភិបាលរាជធានីភ្នំពេញ។
ការមើលរំលងទីតាំងណេតបង្កប់ល្បែងស៊ីសងទាំងអស់នេះ ជាហេតុនាំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា អាជ្ញាធរ និងសមត្ថកិច្ចអសមត្ថភាពក្នុងការបង្ក្រាបទីតាំងល្បែងក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដែលនាំឲ្យកើតបទល្មើសជាបន្តបន្ទាប់។
គួររំលឹកផងដែរថា កន្លងមក សម្ដេចក្រឡាហោម សខេង បានដាក់បទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច មូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវតែបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាន់តែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏ធ្លាប់បានបញ្ជាឲ្យលោក អភិបាល និងអធិការខណ្ឌទាំង១២ ត្រូវដឹកនាំកម្លាំងទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌទួលគោកមិនអនុវត្តឡើយ៕