ខេត្តកណ្តាលប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ«យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥»
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលសហការជាមួយមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៨ បានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥» នៅបរិវេណសាលាស្រុកស្អាង ខេត្តកណ្តាល។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្នុងខេត្តកណ្តាលអត្រាផ្ទុកមេរោគអេដស៍ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
យោងតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្របានបង្ហាញថា នៅត្រឹមឆ្នាំ២០១៨នេះ អត្រាអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុពី១៥ឆ្នាំដល់៤៩ឆ្នាំ គឺមាន០.៦% ហើយ នឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០១៩។ គិតត្រឹមឆ្នាំ២០១៨នេះ ខេត្តកណ្តាលមានអ្នកផ្ទុកមេរោគអេដស៍២,៦៨១នាក់ បានមកទទួលសេវាព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ក្នុងនោះស្រីមាន ១,៣៩៦នាក់ បុរស១,១៥៦ នាក់ កុមារី៦៩នាក់ និងកុមារា៦០នាក់។
ជាមួយគ្នានេះ លោកជំទាវ គឹង ចាន់ឌី គន់គីម ក្នុងនាមជាជំនួយការឲ្យអាជ្ញាធារសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយជំរុញឲ្យប្រជាជនទូទៅនៅតាមសហគមន៍ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍រហូតដល់ទៅ៨២% ឲ្យមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេសស្ត្រីមានផ្ទៃពោះ ហើយក្នុងនោះក៏មានអ្នកផ្ទុកមេរោគអេដស៍រហូតដល់ទៅ៩៧% បានទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ជាពិសេសសេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍សំណេះសំណាលថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានណែនាំដល់គ្រប់ស្ថាប័ននៅក្រោមឱវាទទាំងអស់ត្រូវចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាប្រចាំ ពិសេសចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ កុមាកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។
គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា ព្រមទាំងបាននាំយកអំណោយជាស្បៀងអាហារ និងជាសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៅជួយឧបត្ថម្ភបន្ទាន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ត្រូវថែរក្សាសុខភាព ហូបថ្នាំឲ្យបានទៀងទាត់ និងកុំអស់សង្ឃឹម ព្រមទាំងបន្តយកចិត្តទុកដាក់ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតជាបន្តទៀត។
អំណោយមនុស្សធម៌ជូនដល់អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ក្នុងទូទាំងស្រុកស្អាង សរុបចំនួន២៩២នាក់ (ស្រី១៦៥នាក់) ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស និងថវិកាចំនួន ៦០.០០០ រៀល៕