ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសម្នាក់ ដែលប្រើល្បិចខ្ចីទូរសព្ទហើយមិនព្រមប្រគល់ឲ្យវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីទូរសព្ទយកមកចុចបំភ្លឺ ដើម្បីបើកភ្លើងបែរជាមិនព្រមប្រគល់ឲ្យម្ចាស់គេវិញ ក៏ម្ចាស់ទូរសព្ទប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរោងទុកចោលផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ យិន ដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅ ភូមិត្នោតជុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ សម្ភារដែលដកហូតបានមាន ទូរសព្ទដៃ១គ្រឿង ម៉ាកOPPO  ហើយសម្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹកជនសង្ស័យចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃ ដោយធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានខ្ចីទូរសព្ទពីជនរងគ្រោះទៅបំភ្លឺមើលបើកភ្លើង ក្រោយខ្ចីទូរសព្ទពីជនរងគ្រោះបានហើយ ជនសង្ស័យបានពួនក្នុងរោងមិនព្រមប្រគល់ទូរសព្ទដៃឲ្យជនរងគ្រោះវិញ ដោយឃើញបាត់យូរជនរងគ្រោះបានស្រែកហៅជនសង្ស័យ តែមិនឆ្លើយតប។

ភ្លាមនោះកម្លាំងល្បាតយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រាប់ពីដំណើររឿងហេតុខាងលើប្រាប់ ពេលនោះសមត្ថិកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner