សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសអេហ្ស៊ីប។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ ចំពោះឯកឧត្តមដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកឧត្តមត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។

ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឲ្យបានល្អប្រសើរ។ បន្ថែមលើនេះត្រូវឲ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឲ្យគេគាំទ្រប្រទេសកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ឯកឧត្តមឯកអគ្គរាជទូត ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍នៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេសដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរឲ្យមកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner