អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីបើកដំណើរការការដាក់បញ្ចាំងភាពយន្តចល័តចិន-ខ្មែរ ជា លើកទី៣រយៈពេល០២ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទស្សនាកំសាន្ត
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិទ្យុមិត្តភាពកម្ពុជា-ចិន ក្រុមហ៊ុនភាពយន្តចិនគ្រុប និងដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបាត់ដំបង ផងនោះ ក្រុមការងារភាពយន្តចល័ត កម្ពុជា-ចិន ត្រូវបាននាំយកមកបញ្ចាំងជាលើកដំបូងមុនគេ នៅលើទឹកដីខេត្តបាត់ដំបង នៅរាត្រីថ្ងៃទី០៦-០៧ ខែធ្នូ២០១៨ ដែលរយៈពេល២ថ្ងៃ ដើម្បីដាក់បញ្ចាំងជាសាធារណៈ ជូនប្រជាពលរដ្ឋទស្សនាដោយឥតគិតថ្លៃ នៅចំណុច”សួនច្បារដើមពោធិ៍នាគបាញ់ទឹក” ទីប្រជុំជនក្រុង-ខេត្តបាត់ដំបង។ តាមការឲ្យដឹងពីអ្នកសម្រសម្រួលកម្មវិធីដាក់បញ្ចាំងនូវខ្សែភាពយន្តខ្មែរ-ចិននេះ គឺមានរយៈពេលចាប់ពីថ្ងៃទី០៥រហូតដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨ នៅតាមតំបន់នានា នៃប្រទេសកម្ពុជា ដោយនាំយកមកបញ្ចាំងក្នុងនោះភាពយន្តចិនចំនួន៥រឿង និងភាពយន្តខ្មែរចំនួន៣រឿង។
លោក ហ្វុង ហ៊ុយ (Feung Hui) អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំគម្រប់ខួបលើកទី៦០នៃចំណងការទូតរវាងកម្ពុជា-ចិន។ ការនាំយកខ្សែភាពយន្តមកបញ្ចាំងនៅទីនេះ គឺដើម្បីជំរុញការផ្លាស់ប្តូរនូវវិស័យវប្បធម៌សិល្បៈ និងភាពយន្តរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។ លោកបានបន្ថែមថា ការបញ្ចាំងភាពយន្តចល័តនៅតាមបណ្តាខេត្តនានានេះ ជាលើកទី៣ ហើយព្រឹត្តិការណ៍នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយបានធ្វើដំណើរ និងបានបញ្ចាំងតាមបណ្តាខេត្តចំនួន១៤ខេត្ត-ក្រុង ព្រមទាំងដាក់បញ្ចាំងចំនួនជាង១០រឿង និងមានទស្សនិកចូលរួមទស្សនា ប្រមាណជាង៤ម៉ឺននាក់ ដូចជា ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេតរតនគីរី ខេត្តមណ្ឌលគីរី និងរាជធានីភ្នំពេញ។
ឯកឧត្តម ងួន រតនៈ អភិខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារភាពយន្តចល័តរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងបានសម្តែងនូវការអរគុណដល់ស្ថានទូតចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសកិច្ចសហការល្អរបស់ក្រុមហ៊ុនភាពយន្តចិនគ្រុប និងវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបាននាំយកខ្សែភាពយន្តចិន និងខ្សែភាពយន្តខ្មែរល្បីៗ មកបញ្ចាំងជាសាធារណៈជូនប្រជាពល រដ្ឋក្នុងខេត្តបានទស្សនាដោយសេរី៕ ម.ន
ដោយៈ អ៊ុក សំអាន



