ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» នឹងរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់១៤ ខែធ្នូខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

សាលាសិល្បៈហ៊្វូណន សហការជាមួយមជ្ឈមណ្ឌលសិល្បៈសិប្បកម្មវត្តភ្នំ នឹងរៀបចំជាកម្មវិធីទិវាបេតិកភណ្ឌលើកទី៤ ដើម្បីអបអរសាទរខួប១៥ឆ្នាំ របាំព្រះរាជទ្រព្យ ខួបទី១៣ឆ្នាំ ល្ខោនស្រមោលស្បែកធំ និងខួប២ឆ្នាំ ចាប៉ីដងវែង ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងការទទួលស្គាល់ ល្ខោនខោល ដោយអង្គការ UNESCO។

នៅក្នុងកម្មវិធីនេះ ក៏នឹងមានការតាំងពិព័រណ៍ផលិតផលខ្មែរ និងមានការសម្តែងសិល្បៈបុរាណចម្រុះដូចជា ការសម្តែងល្ខោនខោល សិល្បៈចម្លាក់ស្បែក ការផលិតរបាំងមុខល្ខោនខោល តន្ត្រីបុរាណ ចាប៉ីដងវែង ការបាញ់ធ្នូ ការសម្តែងសិល្បៈរបាំ ការសាក់យ័ន្តខ្មែរ ក្បាច់គុណបុរាណ ល្បែងអុក និងនំខ្មែរជាដើម។

ទិវាបេតិកភណ្ឌលើកទី៤ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំ (រមណីយដ្ឋានវត្តភ្នំ) ដោយស្វាគមន៍សាធារណជនចូលរួមទស្សនាកម្សាន្តដោយសេរី ដើម្បីជាការលើកទឹកចិត្តដល់សិល្បៈករ ក៏ដូចជាចូលរួមគាំទ្រដល់ការសម្ដែងល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗ ដើម្បីថែរក្សា ផ្តល់តម្លៃ និងស្វែងយល់អំពីវប្បធម៌ខ្មែរដ៏ផូរផង់។

ទិវាបេតិកភណ្ឌលើកទី៤ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» គឺមានគោលបំណង ដើម្បីលើកតម្កើងការផ្សព្វផ្សាយនូវកេរមតកវប្បធម៌ខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ ក្នុងស្រទាប់សាធារណជន និងជំរុញឲ្យយុវជនខ្មែរ បានស្វែងយល់កាន់តែច្បាស់ អំពីទម្រង់សិល្បៈនីមួយៗ តាមរយៈការតាំងបង្ហាញ និងការសម្ដែងនាឱកាសនោះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner