អ្នកសារព័ត៌មានត្រូវប្រយ័ត្នចំពោះការប្រើប្រាស់ភាសា និងរូបភាពសម្រាប់ព័ត៌មានអំពើហិង្សាលើស្ត្រី
ភ្នំពេញ៖ ការផ្សព្វផ្សាយជូនជាដំណឹង និងអប់រំជុំវិញបញ្ហាអំពើហិង្សាលើស្ត្រី គឺជារឿងចាំបាច់សម្រាប់អ្នកសារព័ត៌មាន តែក៏ទាមទារឲ្យមានការគោរពតាមក្រម ប្រតិបត្តិត្រឹមត្រូវ ទាំងការប្រើប្រាស់ភាសា ក៏ដូចជារូបភាព និងវីឌីអូផងដែរ។ លោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន និងការបញ្ជ្រាបយេនឌ័រ ក្រោមប្រធានបទ «ការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី ៤ខែធ្នូនេះថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវប្រយ័ត្នខ្ពស់ក្នុងប្រើប្រាស់ភាសាជាពិសេស គុណនាម និងរូបភាព វីឌីអូដែលអាចបង្ហាញពីភាពរើសអើងចំពោះស្ត្រី ឬដាក់បន្ទុកបន្ថែមចំពោះស្ត្រីដែលជាជនរងគ្រោះ។

ក្នុងឱកាសកិច្ចពិភាក្សានេះ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកក្រសួងកិច្ចការនារី បានបញ្ជាក់ផងដែរថា បន្ទាប់ពីមានប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានហិង្សាលើស្ត្រី អត្ថបទព័ត៌មាន ឬសេចក្ដីរាយការណ៍លើបញ្ហានេះ ប្រើប្រាស់ភាសាបានត្រឹមត្រូវ និងមិនបង្ហាញរូបភាពវិឌីអូដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីច្រើនដូចមុននោះទេ។

ប្រកាសរួម ស្ដីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានហិង្សាលើស្ត្រី គឺបង្កើតឡើងដោយអន្តរក្រសួង រវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដោយក្នុងនោះ ១៥ប្រការ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ៕


