សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor
នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO, មន្ត្រីអាជ្ញាធរអប្សរា រួមនឹងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត ICC- Angkorនេះ ក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក និងបង្ហាញពីមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ, សម្តែងកតញ្ញូតាធម៌ និងគុណូបការៈចំពោះវីរជន ឥស្សរ ជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ , បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិក ភណ្ឌវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា , បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។
ព្រឹត្តការនេះត្រូវបានរំពឹងថា នឹងក្លាយទៅជាការរួបរួមកម្លាំង ជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ, បង្ហាញមោទនភាពជាតិខ្មែរទៅកាន់ឆាកអន្តរជាតិ ជាពិសេសការផ្សព្វផ្សាយពីមរតកបេតិកភណ្ឌ, ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងសកម្មភាពលើកកម្ពស់វិស័យបេតិកភណ្ឌ, ជំរុញឱ្យកាន់តែស្រលាញ់ ថែរក្សា និងអភិរក្ស បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ និងទាក់ទាញភ្ញៀវ ទេសចរ កាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាន និងប្រទេសកម្ពុជា ។
ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីដ៏មានសារៈសំខាន់នេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងជាពលរដ្ឋកម្ពុជា សម្តេចមានក្តីសប្បាយរីករាយដែលបានចូលរួមអបអរសាទរខួប២៥នៃការបង្កើតគណៈកម្មាធិការ ICC-Angkor។ សម្តេចតេជោ ហ៊ុន សែន អរគុណដល់មន្ត្រីអាជ្ញាធរអប្សរាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ដើម្បីថែរក្សា និងគាំពារប្រាសាទអង្គរ។ សម្តេចតេជោ បានថ្លែងអំណរគុណបារាំង និងជប៉ុន ដែលបានពង្រីកវិសាលភាព ICC-Angkor ទៅកាន់ប្រាសាទសំបូរព្រៃគុក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរខួប ICC-Angkor នាពេលថានេះ គឺកំពុងឈានទៅរកខួប៤០ឆ្នាំ នៃការរំដោះប្រទេស និងខួប ២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង។ ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទមិនអាចធ្វើទៅបានឡើយ ប្រសិនបើកម្ពុជាមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពទេនោះ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បើគ្មានការចរចាស្វែងរកសុខសន្តិភាពក្រោយពេលសម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ទេ នោះក៏គ្មានការស្នើដាក់ប្រាសាទអង្គរ ទៅក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោកនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សៀមរាបអង្គរ បានប្រឹងប្រែងពីស្ថានភាពដ៏លំបាកដោយផ្តើមចេញពីសណ្ឋាគារតែ២ប៉ុណ្ណោះ រហូតដល់មានសណ្ឋាគារជាង ១០០នាពេលបច្ចុប្បន្ន។ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទទាំងអស់របស់កម្ពុជា ត្រូវបានជាប់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិ ដោយសារតែអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ អង្គការសហប្រជាជាតិបានទទួលស្គាល់របប ប៉ុល ពត ហើយគ្មានប្រទេសណាគាំទ្ររដ្ឋាភិបាលសម័យនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា បញ្ហានេះ អាចជាបទពិសោធន៍មួយដល់អន្តរជាតិ ឲ្យមានការពិចារណាមុននឹងសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសណាមួយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ កុំយកតំបន់ប្រាសាទទៅជាចំណាប់ខ្មាំងកេងចំណេញនយោបាយរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលខ្លះសម្តេចត្រូវរងការចោទប្រកាន់ថារំលោភសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋ នៅពេលហាមឃាត់ពួកគេមិនឲ្យតាំងទីលំនៅនៅតំបន់សម្បត្តិបេតិកភណ្ឌ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើអនុញ្ញាតឲ្យប្រជាពលរដ្ឋទៅតាំងទីលំនៅលើដីបរិវេនសម្បត្តិបេតិកភណ្ឌ គឺខុសនឹងច្បាប់របស់យូណេស្កូ ដែលអាចនាំឲ្យគេដកចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌ តែហាមឃាត់ប្រជាពលរដ្ឋគេថារំលោភសិទ្ធិតាំងទីលំនៅរបស់ពលរដ្ឋ។
សម្តេចតេជោ បានរំពឹងថា ប្រជាពលរដ្ឋនឹងយល់លើបញ្ហានេះ ដោយមិនទៅទន្ទ្រានចាប់យកដីនៅតំបន់ប្រាសាទនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែប្តូរផ្តាច់ធ្វើការជាមួយអន្តរជាតិ ក្នុងការថែរក្សាប្រាង្គប្រាសាទ៕


