នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យចំនួន១១នាក់ ទៅតុលាការថ្ងៃនេះ
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យចំនួន១១នាក់ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា ទៅកាន់តុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យនេះ គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃ ទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ ករណីទី១ ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០៩នាក់ ករណីទី២ ពាក់ព័ន្ធនឹងករណីរំលោភទំនុកចិត្តចំនួន១នាក់ និងករណីទី៣ ពាក់ព័ន្ធនឹងអំពើលួចចំនួន១នាក់ផងដែរ។

សមត្ថកិច្ចខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង១១នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕
