ប្រជុំគោលគំនិតដឹកនាំ និងប្រជុំគណៈកម្មការបុណ្យខួប២០ឆ្នាំ ជាមួយនឹងការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពជើងគោក

អត្ថបទដោយ៖
Kien Sereyvuth

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំឆ្លងគោលគំនិតដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក និងប្រជុំគណៈកម្មការក្នុងការត្រៀមរៀបចំអបអរសាទរខួបគម្រប់២០ឆ្នាំ ថ្ងៃកំណើតបញ្ជាដ្ឋានកងទ័ពជើងគោក នៃ ខ ភ ម ព្រមទាំងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ។

ក្នុងឱកាសនោះ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជា សារ៉ន អាននូវរបាយការណ៏សង្ខេបអំពីភារកិច្ចចំពោះមុខដែលក្នុងនោះរួមមានពង្រាងគោលគំនិតដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក ការផ្តល់ទស្សនៈ និងការផ្តល់យោបល់នូវទស្សនៈរួមមួយចំនួន ដែលពាក់ព័ន្ធគម្រោងផែនការ សកម្មភាពលើការពង្រាងគោលគំនិតដឹកនាំអនុវត្តន៍ការងារ យោធា សន្តិសុខឆ្នាំ២០១៩ របស់កងទ័ពជើងគោក ដើម្បីឲ្យការអនុវត្តភារកិច្ចចំទិសដៅ ស្របតាមទិសដៅផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការត្រៀមរៀបចំការអបអរសាទខួបអនុស្សាវរីយ៏គម្រប់ខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏បានធ្វើការពិភាគ្សាគ្នា ដើម្បីត្រៀមលក្ខណៈ រៀបចំការប្រារព្ធខួបអនុស្សាវរីយ៏គម្រប់ខួប២០ឆ្នាំ ថ្ងៃបង្កើតកងទ័ពជើងគោក ឲ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ដួង ថ្លា នាយរងការិយាយ័យទី១ កងទ័ពជើងគោក បានអានព្រះរាជ្យក្រឹត្យ របស់ព្រះមហាក្សត្រ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ដែលបានសម្រេចប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់កងទ័ពជើងគោកចំនួន៧រូបរួមមាន ៖ ឧត្តមសេនីយ៍ឯក កែវ ធី ឧត្តមសេនីយ៍ឯក ស្រី ឌិក ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ឧត្តមសេនីយ៍ឯក ចាប ភក្តី  ឧត្តមសេនីយ៍ទោ កែន តារា  និងឧត្តមសេនីយ៍ទោ អួន លន ជាមេបញ្ជាការរងកងទ័ពជើងគោក។  ប្រកាសតែងតាំងនាយសេនាធិការងកងទ័ពជើងគោកចំនួន៣រូប  ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយការិយាល័យចំនួន១រូប និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយរងការិយាល័យចំនួន២រូប។

អញ្ជើញមានមតិសំណេះសំណាល ក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរ ចំពោះនាយទាហានបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលទើបបានទទួលការតែងតាំងនាពេលនេះ។  ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ តែងតាំងនាពេលនេះ គឺការផ្តល់កិត្តិយស ការលើកទឹកចិត្ត និងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ពីព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ចំពោះឯកឧត្តម អស់លោកជានាយទាហានទាំងអស់ ដែលមានស្នាដៃ និងសមត្ថភាព ក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ការពារសន្តិភាព និងការពារជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់នាយទាហានទាំងអស់ត្រូវជៀសវាងប្រការអសកម្មផ្សេង ត្រូវបន្តខិតខំរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោតបន្តគាំទ្រ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ព្រមទាំងបន្តជំរុញការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រូវចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាព តាមរយៈបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន និងបន្តការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជាប់ជានិច្ច។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់បន្តចូលរួមអនុវត្តន៍នយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីឲ្យកម្លាំងកងទ័ពមួយធានាបានទាំងបរិមាណ និងគុណភាព សម្រាប់បំពេញកិច្ចការពារបូណភាពទឹកដី និងរក្សាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋទៅថ្ងៃអនាគត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner