នគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបបានជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន៤៦កញ្ចប់តូច
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតគ្រឿងញៀន៤៦កញ្ចប់។ ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វុន លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានក្រាមពណ៌សថ្លាចំនួន៤៦កញ្ចប់ កំណាត់ទុយោជ័រ ម៉ូតូ១គ្រឿងម៉ាកហុងដា (សង់ប៊ិច) សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-5522 បញ្ជូនមកធើ្វការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ហើយក៏ឈានទៅដល់ការឃាត់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយដកហូតបានម៉ូតូសង់ប៊ិច ពណ៌ខៀវ បិទតែមកំបាំងពណ៌លឿង ចំនួន១គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបាននគរបាលធ្វើការរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ម.ន



