មេដឹកនាំរុស្ស៊ី និងតួកគី ព្រមព្រៀងគ្នាលើគម្រោងបង្កើតតំបន់គ្មានយោធានៅក្នុងប្រទេសស៊ីរី
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ប្រធានាធិបតីរុស្ស៊ី និងសមភាគីតួកគី បានឯកភាពគ្នាលើជំហានថ្មីទៀត ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធានៅខេត្តអ៊ីដលីប ប្រទេសស៊ីរី។

បើតាមក្រសួងការបរទេសរុស្ស៊ីនោះ លោក ឡាវរូវ បានបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំនៅឯប្រទេសអាហ្សង់ទីន មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើជំហានថ្មីបន្ថែមទៀត ដើម្បីគោរពកិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធាមួយ ខណៈមានការចាត់វិធានការផងដែរ ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមបំពានលើកិច្ចព្រមព្រៀងដដ៏សំខាន់ ដែលបានទទួលការស្វាគមន៍ដោយទាំងអស់គ្នានេះ។

វិមានក្រឹមឡាំងបានលើកឡើងថា ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើងនៅប្រទេសអាហ្សង់ទីន ដោយពួកលោកបានប្រឹក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់ និងរបៀបវារៈអន្តរជាតិ៕

