មនុស្ស២៥នាក់របួស ហើយអគារ និងលំនៅដ្ឋានជាង១០០ខ្នងរងការខូចខាត ដោយសារព្យុះ Tornado វាយប្រហារសហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ព្យុះដ៏កំណាច ថូរណាដូ បានធ្វើការវាយសង្គ្រប់យ៉ាងដំណំលើរដ្ឋអ៊ីលីណយ ភាគកណ្តាលសហដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍មុននេះ ធ្វើឲ្យមនុស្សសរុប២៥នាក់ទទួលរងរបួស ហើយអគារ និងលំនៅឋានប្រមាណជាង១០០ខ្នងរងការបំផ្លិចបំផ្លាញ។

ទីភ្នាក់ងារតាមដានអាកាសធាតុអាម៉េរិក បានឱ្យដឹងថា ព្យុះដ៏កំណាចនេះ បានបង្កការខូចខាតធ្ងន់ជាងគេនៅក្នុងទីក្រុង ថាយឡឺវាល រដ្ឋអ៊ីលីណយ ហើយសាលារៀន និងអគារសាធារណជាច្រើនតម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នរហូតដល់ដើមសប្តាហ៍នេះ ខណៈក្រុមសង្គ្រោះកំពុងដឹកនាំការសម្អាតកន្លែងរងគ្រោះ។

សូមរំលឹកឡើងវិញផងដែរថា កាលពីឆ្នាំមុន ព្យុះកំណាចដូចគ្នានេះ បានកើតឡើងនៅរដ្ឋ វីសខុនសិន ភាគខាងលិចសហរដ្ឋអាម៉េរិក បានឆក់យកអាយុជីវិតមនុស្សម្នាក់ និង២៥នាក់ផ្សេងទៀតទទួលរងរបួស៕

