រដ្ឋអាឡាស្កា របស់សហរដ្ឋអាម៉េរិកទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័រ
សហរដ្ឋអាម៉េរិក៖ ទិន្នន័យពីមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហាររដ្ឋអាឡាស្កា ភាគពាយ័ព្យសហរដ្ឋអាម៉េរិក នៅម៉ោង១និង២៩នាទីរំលងអធ្រាត ឈានចូលថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ។

គួរបញ្ជាក់ថា រដ្ឋអាឡាស្កា ត្រូវបានអ្នកតាមដានភូមិសាស្ត្រទូទាំងសកលលោកដឹងថា ជាទីតាំងស្ថិតនៅជុំវិញតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក និងតែងតែកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំ១៩៦៤ គ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតរហូតដល់៩.២រ៉ិចទ័រ បានបង្កទៅជារលកយក្សស៊ូណាមិ និងផ្តាច់ជីវិតជនជាតិអាម៉េរិក១៣៩នាក់ ។

បើតាមទិន្នន័យរបស់ CENC បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីខាងលើនេះ មានជម្រៅញ័ររញ្ជួយពីក្នុងដីប្រមាណ៤០គីឡូម៉ែត្រ ដែលបានវាយប្រហារតំបន់ឆ្នេរ នៃរដ្ឋអាឡាស្កា ដែលមានចម្ងាយ១៦គីឡូម៉ែត្រពីទីក្រុងអាន់ឆូរ៉េច។ ពីដំបូងឡើយក៏មានការព្រមានពីរលកយក្សស៊ូណាមិដែលអាចកើតមានផងដែរ ប៉ុន្តែនៅរយៈជាង២ម៉ោងក្រោយមក អាជ្ញាធរអាម៉េរិកបានដកការព្រមាននេះវិញ ។

រហូតមកទល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះទេ តែអគារសាធារណៈ លំនៅដ្ឋានប្រជាជន និងអគារពាណិជ្ជកម្មផ្សេងៗទៀតបានទទួលរងការវាយប្រហារ ដែលនាំឲ្យមានការខូចខាតយ៉ាងដំណំ៕