សហរដ្ឋអាម៉េរិកគ្រោងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនជាមួយម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា មន្ទីរការពារជាតិបញ្ចកោណគ្រោងនឹងធ្វើការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់បណ្តោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក សំដៅទប់ស្កាត់បទឧក្រិដ្ឋនានា និងលំហូរជនអន្តោប្រវែសន៍ខុសច្បាប់ ខណៈចំណាត់ការនេះ ធ្វើឡើងតបតាមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ការប្រកាសនេះដែរ បានកើតមានឡើងបន្ទាប់ពីសេចក្តីប្រកាសនៃការដាក់ពង្រាយដែលបានធ្វើឡើងកាលពីចុងខែតុលាកន្លងទៅនេះ នឹងត្រូវផុតកំណត់នៅ ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ចេម ម៉ាត់ទីស បានអះអាងថា ប្រទេសរបស់លោកនឹងធ្វើការដាក់ពង្រាយកងទ័ពបន្ថែម៤០០០នាក់ទៀត ពីលើចំនួនបច្ចុប្បន្នដែលត្រូវបានដាក់ពង្រាយរួចទៅហើយចំនួន៥៩០០នាក់។

សម្រាប់ការដាក់ពង្រាយនាពេលណាឲ្យប្រាកដនោះ ព័ត៌មាននឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ ហើយទាហានទាំងនោះមិនមែនត្រឹមតែមានតួនាទីការពារសន្តិសុខតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យបំពេញការងារផ្នែកវិស្វកម្ម វេជ្ជសាស្ត្រ និងដឹកជញ្ជូនផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner