តុលាការសម្រេចឃុំខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ពាក់ពន្ធ័នឹងការប្រព្រឹត្តអំពើអនាចារលើកុមារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធីពេលក្រោយ។ ការសម្រេចរបស់លោកចៅក្រមនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក កុល បុន បានបញ្ចប់ការស៊ើបសួរ និងបានសម្រេចចោទប្រកាន់លើជនសង្ស័យពីបទប្រព្រឹត្តអំពើអាសលើអនីតិជន អាយុក្រោម១៥ឆ្នាំ តាមមាត្រា៤៣ ច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ។

សូមរំលឹកថា សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានបញ្ជូនខ្លួនជនជាតិអង់គ្លេសម្នាក់នេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើទិញពេស្យាចាកុមារអាយុក្រោម១៥ឆ្នាំ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ដីឡូតិ៍លេខ១៩ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ដើមចមនៃដំណើរឿងរ៉ាវនេះ គឺកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទី។ ដោយជនសង្ស័យបាននាំក្មេងប្រុសចំនួន៤នាក់ ចូលទៅផ្ទះជួលរបស់ខ្លួន ហើយដោយមានការសង្ស័យសមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញារង គុជ គឹមឡុង ដើម្បីស្នើសុំត្រួតពិនិត្យផ្ទះជួលខាងលើ។ ក្រោយការត្រួតពិនិត្យ និងដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចបានរកឃើញថា នៅក្នុងផ្ទះជនសង្ស័យមានជនសង្ស័យ និងកុមារចំនួន៤នាក់ ហើយសមត្ថកិច្ចក៏បានអនុវត្តន៍តាមនីតិវិធី និងបាននាំជនសង្ស័យ និងគ្រឿងអេឡិចត្រូនិចមួយចំនួន ព្រមទាំងកុមារ៤នាក់ មកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបញ្ជាក់ទៀតថា តាមការឆ្លើយបំភ្លឺរបស់កុមាររងគ្រោះ និងតាមការបំភ្លឺដើមបណ្តឹងជាម្តាយកុមាររងគ្រោះ ព្រមទាំងការបំភ្លឺរបស់សាក្សី ជនសង្ស័យបានប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីទាក់ទាញកុមាររងគ្រោះដូចជា៖ ឲ្យប្រាក់កាស ទិញទូរសព្ទឲ្យ ទិញចំណីអាហារឲ្យញ៉ាំ នាំដើរលេង ទិញសម្លៀកបំពាក់ឲ្យ ទិញសម្ភារសិក្សាឲ្យ ទិញកង់ឲ្យជាដើម និងរបស់របរប្រើប្រាស់ផ្សេងៗទៀតផងដែរ ។ បើតាមសមត្ថិកច្ចសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើរួមភេទ និងរំលោភបំពានផ្លូវភេទលើកុមារ ដោយប្រើប្រាស់សម្ភារ ប្រាក់កាស ជាការអូសទាញ និងសម្រេចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ទើបត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី៣០ ខែវិច្ឆិកានេះតែម្តង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner