គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អ៊ឺម.ខេ ប្រារព្ធខួប១៥ឆ្នាំនៃវឌ្ឍនភាពរបស់ខ្លួន
នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អ៊ឺម.ខេ បានប្រារព្ធខួប១៥ឆ្នាំនៃវឌ្ឍនភាពរបស់ខ្លួន ដែលសម្រេចលទ្ធផលក្នុងការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និង ស្ថិតស្ថេរ ដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។
បច្ចុប្បន្ននេះ អេ.អ៊ឺម.ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅព្រះរាជាណាចក្រកម្ពុជា ដោយពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍខ្លួនឥតឈប់ឈរ ព្រមទាំងបានធ្វើការកែ លម្អរផលិតផល និងសេវាហិរញ្ញវត្ថុ វិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងមានលក្ខណៈបទបែន សម្បូរបែប ដើមី្បបំពេញនូវតម្រូវការអតិថិជន និងដើរឲ្យទាន់ការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក។
ក្នុងពិធីនេះដែរ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ.អ៊ឺម.ខេ ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេល១៥ឆ្នាំមកនេះ អេ.អ៊ឺម.ខេ មានការរីកចម្រើនយ៉ាងខ្លាំង។ ជាក់ស្តែងក្នុងឆ្នាំ២០១០ អេ.អ៊ឺម.ខេ បាន ទទួលអាជ្ញាប័ណ្ណប្រាក់សនំ្សពីធនាគារជាតិកម្ពុជា ហើយក្នុងឆ្នាំ២០១១ អេ.អ៊ឺម.ខេ បានដាក់ដំណើរការសេវាផ្ទេរប្រាក់នៅទូទាំងប្រទេស និងឆ្នាំ២០១៣ បានដាក់ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ដោយស្វ័យប្រវត្តិ ( ATM/CDM )។ ម៉្យាង ទៀតកត្តាសំខាន់នោះ បានធ្វើការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល T24 ដោយប្រព័ន្ធថ្មីនេះធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាពទៀតផង។
លោកក៏បានបញ្ជាក់អំពីទិន្នន័យហិរញ្ញវត្ថុរបស់អេ.អ៊ឺម.ខេ គិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ និងបង្កើនការងារដល់យុវជនកម្ពុជាយើង ចូលមកបម្រើការងារនៅក្រុមហ៊ុនអេ.អ៊ឺម.ខេ មានចំនួន២៧០០នាក់ ដែលមានអតិថិជនទទួលសេវា ចំនួន៨៤ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង២៤៧លានដុល្លារសហរដ្ឋអាម៉េរិក និងប្រាក់បញ្ញើជាង១៤៦លានសហរដ្ឋអាម៉េរិក ដែលមានការិយាល័យប្រតិបត្តិចំនួន១៥០កន្លែង និងមានភ្នាក់ងារជាង៣៥០០កន្លែងនៅទូទាំងប្រទេស។
លោកបានបន្តទៀតថា លទ្ធផលទាំងនេះ គឺកើតឡើងពីការខិតខំរបស់បងប្អូនបុគ្គលិក អេ.អ៊ឺម.ខេ គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពរបស់ អេ.អ៊ឺម.ខេ។ ម៉្យាងទៀត អេ.អ៊ឺម.ខេ ជាគ្រឹះស្ថានឈានមុខគេលើវិសាលភាពប្រតិបត្តិការ ដែលមានអតិថិជនប្រាក់កម្ចី និងមានផលិតផល សេវាកម្មជាច្រើនផ្តល់ជូនអតិថិជន លើសេវាប្រាក់កម្ចី ប្រាក់សនំ្ស ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ព្រមទាំងសេវាទូទាត់វិក្ត័យបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិទៀតផង៕
ដោយៈ ម៉ី សុខារិទ្ធ