ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ករណីការធ្វើរបងបិទផ្លូវសាធារណៈដែលជាផ្លូវរទេះចាស់ មានទទឹង៣ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ដែលឈ្មោះ ដឿន សំអឿន ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ដែលមានរយៈពេល១៥ឆ្នាំមកនោះ ត្រូវបានគណៈកម្មការចម្រុះខេត្តចុះធ្វើការបើកផ្លូវជូនបងប្អូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះគ្រូចៅ អធិការវត្តអារញ្ញសាគរ អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។

តាមការបញ្ជាក់របស់លោក នួន ពុទ្ធារ៉ា បានឲ្យដឹងថា បញ្ហាការបិទផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅអាស្រ័យដោយធ្វើដំណើរចេញចូលផ្លូវនេះ បានដាក់ពាក្យបណ្តឹងឈ្មោះ ដឿន សំអឿន បានធ្វើការបិទអស់រយៈពេល១៥ឆ្នាំមកហើយ។ តែនៅពេលដែលអាជ្ញាធរក្រុងសៀមរាប បានធ្វើលិខិតជូនដំណឹងជូនដល់ឈ្មោះ ដឿន សំអឿន ដែលជាតំណាងឲ្យឈ្មោះ ហ៊ិន គា ដែលបានស្លាប់នោះ ធ្វើការរុះរើរបងពីផ្លូវរទេះចាស់ ដែលមានទទឹង៣ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ជាច្រើនលើកមកហើយ នៅតែមិនព្រមរុះរើបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋខាងក្រោយបានធ្វើដំណើរឡើយ។

លោកបានបន្តទៀតថា ដើមី្បអនុវត្តនូវសេចក្តីណែនាំរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង ឲ្យមានប្រសិទ្ធភាពនោះ ថ្ងៃនេះគណៈកម្មការចម្រុះបានចុះមកអនុវត្តជាក់ស្តែង ដោយមិនបណ្តែតបណ្តោយតទៅទៀត ឡើយ ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ។  ម៉្យាងទៀត ចំពោះការរុះរើនេះអាជ្ញាធរមិនបានទទួលខុសត្រូវ លើការខូចខាតបាត់បង់ទ្រព្យសម្បត្តិនោះឡើយ។ លោកបានគូសបញ្ជាក់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ សំខាន់ក្នុងការធ្វើដំណើររបស់សិស្សានុសិស្ស ចាស់ព្រឹទ្ធាចារ្យទៅទីវត្តអារាម និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។

ក្នុងនោះដែរ លោកតាចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ តំណាងឲ្យប្រជាពុទ្ធបរិស័ទក្នុងភូមិអារញ្ញ ក៏ដូចលោកមេភូមិ ក៏បានធ្វើការថ្លែងអំណរគុណពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្រុង សង្កាត់ ដើមី្បដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរបងប្អូនក៏បានធ្វើការគាំទ្រនូវកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើមី្បរក្សានូវសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ប្រទេសតទៅអនាគត៕
ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner