សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទស្សនាប្រាសាទបុរាណនៅវិសាលដ្ឋានប៉ាតាន់ឌួបា ក្នុងទីក្រុងកដ្ឋមន្ធូ នៃប្រទេសនេប៉ាល់

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ធូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណចំនួន២កន្លែង ក្នុងទីក្រុងកដ្ឋមន្ធូ នៃប្រទេសនេប៉ាល់ ក្នុងនោះរួមមាន ប្រសាទបុរាណ ក្នុងវិសាលដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសាសនាមាយាន ដែលជាសំណង់គរុភណ្ឌបុរាណដ៏ខ្លីល្បាញរបស់ប្រទេសនេប៉ាល់។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំ អភិរក្ស នៃតំបន់ប្រវត្តិសាស្ត្រទាំងពីរ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនរូប។

ទីតាំងប្រវត្តិសាស្ត្រទាំងពីរនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្ត្រ ដ៏ចាស់បុរាណបំផុតរបស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយរាជវង្ស និងបុព្វបុរសនេប៉ាល់។ តំបន់ប្រវត្តិសាស្ត្រនេះ មានលំនាំជាប្រាសាទ ស្រះបុរាណដែលកសាងឡើងក្នុងឆ្នាំ១៦៤៨ និងសំណង់ស្ថាបត្យកម្មជាច្រើនទៀត ក្នុងមហាប្រាសាទដ៏ស្កឹមស្កៃនេះ។ សំណង់បេតិកភណ្ឌទាំងអស់ បានទទួលរងក្រោះដោយគ្រោះធម្មជាតិ រលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើតំបន់នេះ ទទួលរងគ្រោះយ៉ាងធ្ងន់បំផុត ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋាភិបាលនេប៉ាល់ បានខិតខំស្តា និងកសាងឡើងវិញ ដោយរក្សានូវទម្រង់ដើមប្រាសាទបុរាណនេះ។ សូមបញ្ជាក់ដែរថា នៅក្នុងគ្រោះធម្មជាតិរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ក្នុងការជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ រលកយក្សស៊ូណាមិ។

ប្រទេសនេប៉ាល់ មានផ្ទៃក្រឡាទំហំ១៤៧ពាន់១៨១គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ និងប្រទេសឥណ្ឌា និងប្រទេសចិន និងមានប្រជាជនរស់នៅសរុបជាង២៩លាននាក់ ក្នុងនោះ ប្រជាជនកាន់សាសនាហិណ្ឌូ មានជាង៨១% ព្រះពុទ្ធ៩% ម៉ូស្លីមជាង៤% និងសាសនាដទៃ មានជាង៥%។ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨ ដោយសភាធម្មនុញ្ញ ដែលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៨។ នេប៉ាល់គឺជាប្រទេសអភិវឌ្ឍតិចតួច (LDC) និងក្របំផុតលើពិភពលោក ដែលមានចំណូលសេដ្ឋកិច្ចតិចតួចនៅឡើយ។

ប្រជាជនចំនួន ¼ កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ នេប៉ាល់ ពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ដែលពលករចំណាកស្រុក ផ្ញើពីបរទេសដែលមានទំហំជិត៣០% នៃផលិតផលក្នុងស្រុកសរុប GDP និងជំនួយបរទេសសម្រាប់គម្រោងអភិវឌ្ឍន៍។ ដីសម្រាប់ដាំដុះមានទំហំតែ ២០% នៃផ្ទដីសរុប ប៉ុន្តែកសិកម្ម គឺជាវិស័យស្នូលក្នុង សេដ្ឋកិច្ចជាតិ និងមានប្រជាជនជិត៧០% ប្រកបរបរកសិកម្ម។ ឧស្សាហកម្ម ផ្តោតសំខាន់លើការកែច្នៃផលិតផលកសិកម្ម ដូចជាគ្រាប់ធញ្ញជាតិ អំពៅ ថ្នាំជក់ និងក្រចៅ។ ការនាំចេញក្នុងឆ្នាំ ២០១៧ មានទំហំជាង៨១៨លានដុល្លារ ក្នុងនោះរួមមាន ការនាំចេញសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ព្រំ វាយនភណ្ឌ ទឹកផ្លែឈើ និងផលិតផលធ្វើពីក្រចៅ។

បច្ចុប្បន្ន នេប៉ាល់ នៅតែបន្តប្រយុទ្ធប្រឆាំងជាមួយនឹងភាពអត់ឃ្លាន និងភាពក្រីក្រ។ រដ្ឋាភិបាលនេប៉ាល់ បានប្តេជ្ញាថា នឹងផ្តាច់ខ្លួនចេញពីប្រទេស LDC នៅក្នុងឆ្នាំ២០២២។ ដោយសារ ជាប្រទេសមិនជាប់សមុទ្រឥណ្ឌា ត្រូវបានចាត់ទុកថា ជាដង្ហើមសេដ្ឋកិច្ចស្ទើរតែទាំងស្រុងរបស់ នេប៉ាល់ ។ លើវិស័យសាសនា នេប៉ាល់ បានអនុញ្ញាតឲ្យព្រះរាជាណាចក្រកម្ពុជា សាងសង់វត្តខ្មែរ មានឈ្មោះថា វត្តខ្មែរលម្ពិនី មានផ្ទៃក្រឡា២០០ម៉ែត្រការ៉េ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ ក្នុងនោះរួមមានការសាងសង់សម្រេចបាននូវសមិទ្ធផលមួយចំនួន ដូចជាព្រះវិហារ កុដិ កំផែង ក្លោងទ្វារ និងទីសេនាសន: ហើយត្រូវបានឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងក្រុមគ្រួសារ តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធឆ្លងកាលពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ដែរថា នេប៉ាល់ បានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១៤៧ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៤ ចំណែកឯកម្ពុជា ចូលក៏បានក្លាយជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកទី១៤៨ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ លើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នៃប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ ក្នុងឆ្នាំ២០១៧កន្លង ទៅទំហំពាណិជ្ជកម្មមានត្រឹមតែ២១០ពាន់ដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាទៅកាន់នេប៉ាល់ មានទំហំ២០៨ពាន់ដុល្លា មានដូចជាអាវយឺត បន្ទះក្តារស្តើងៗ សម្រាប់ធ្វើកុងប្លាកេ សម្លៀកបំពាក់ ស្ត្រី ស្បែកជើង កាបូប និងគ្រឿងអេឡិចត្រូនិក ដោយឡែកការនាំចូលពីនេប៉ាល់ មកកាន់កម្ពុជា រួមមាន ក្រណាត់ ខ្សែតម្បាញ ខ្សែពួរ និងខ្សែកាប្លិ៍។

លើកិច្ចសហប្រតិបត្តិការក្នុងឆាកអន្តរជាតិ កម្ពុជាបានគាំទ្រនេប៉ាល់ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិឆ្នាំ២០១៨-២០២០ របស់អង្គការសហប្រជាជាតិ ដោយឡែកនេប៉ាល់បានគាំទ្រកម្ពុជា ជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៩ បោះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូវយ៉ក។ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ អាណត្តិឆ្នាំ២០១៣-២០១៤ និងសមាជិកនៃគណៈកម្មការបេតិកភណ្ឌពិភពលោក បោះឆ្នោត កាលពីខែតុលាឆ្នាំ២០០៩។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដែលបានខិតខំប្រឹងប្រែងស្តានូវសំណង់ប្រវត្តិសាស្ត្រឡើងវិញយ៉ាងឆាប់រហ័ស ក្រោយគ្រោះធម្មជាតិរលកយក្សស៊ូណាមិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស សម្រាប់ថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញទស្សនាតំបន់បេតិកភណ្ឌទាំងពីរនេះ របស់ប្រទេសនេប៉ាល់។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអភិរក្សនៃតំបន់ទាំងពីរ បានជូននូវព្រះពុទ្ធរូបមួយព្រះអង្គ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចតបស្នងសងគុណ និងការគោរពស្រឡាញ់ដោយស្មោះជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានស្វាមីភក្តិគោរពស្រឡាញ់ ចំពោះប្រទេស និងប្រជាជននេប៉ាល់ ពិសេសក្នុងគ្រាដែលប្រទេស និងប្រជាជននេប៉ាល់ ទទួលរងគ្រោះដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១៥កន្លងទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner