រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ កម្លាំងសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាកម្ចាត់បញ្ហាគ្រឿងញៀនឲ្យអស់ក្នុងមូលដ្ឋានខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យ គ្រឿងញៀន “នព្វមាស” ២០១៨ និងលើកទិសដៅអនុវត្តការងារ៤ខែបន្តរបស់ខ្លួន ដល់រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធទាំងអស់ នៅសាលាខេត្តបាត់ដំបង។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅលើពិភពលោកនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងសកម្មភាពដំាដុះ ផលិត ចរាចរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំងការផលិតគ្រឿងញៀនសំយោគ ក៏កំពុងកើនឡើង អង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀនថ្មីៗក៏បានកើតឡើងបន្ថែមទៀត។

ទំនាក់ទំនងតំបន់ផលិតដើម្បីឆ្ពោះទៅកាន់ទីផ្សារគ្រឿងញៀន ក៏នៅមានតម្រូវការខ្ពស់ និងគួរឲ្យព្រួយបារម្ភ។ ឯកឧត្តមបញ្ជាក់បន្ថែមថា អ្នកប្រើប្រាស់គ្រឿងញៀនលើពិភពលោក មានការកើនឡើងប្រមាណពី៥-៦%នៃចំនួនប្រជាជនសរុបលើពិភពលោក។ ដោយឡែកក្នុងតំបន់ ផលិតគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាសនៅតែបន្តកើនឡើងយ៉ាងខ្លាំង និងការពង្រីកទីផ្សារគ្រឿងញៀន រវាងក្រុមឧក្រិដ្ឋជននៅតំបន់ត្រីកោណមាស និងក្រុមឧក្រិដ្ឋជនក្រៅតំបន់ កំពុងតែមានការរីករាលដាល។ កត្តាទាំងនេះបានធ្វើឲ្យប្រទេសជាច្រើនដែលក្នុងនោះរួមមាន ប្រទេសចិន អូស្ត្រាលី បង់ក្លាដែស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ឡាវ វៀតណាម និងកម្ពុជាយើង ផងដែរ  បាននិងកំពុងទទួលរងនូវផលប៉ះពាល់ពីការរីរាលដាលនេះ។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគូសបញ្ជាក់ថា តាមរយៈរបាយការណ៍លទ្ធផលការងារស្នងការដ្ឋាននគរបាលខេត្ត និងការរំលេចចេញនូវលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន “នព្វមាស” ២០១៨ និងលើកទិសដៅអនុវត្តការងារ៤ខែបន្តពីរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញពីការកើនឡើងពីបទល្មើសគ្រឿងញៀនជាសកល និងអំពីការធ្លាក់ចុះនៃតម្លៃសារធាតុញៀន កំពុងតែចុះថោក ដែលអាចជះឥទ្ធិពលមិនល្អចំពោះការធ្វើចរាចរកាន់តែទូលាយលើទីផ្សារ និងឆ្លងកាត់ចែកចាយប្រើប្រាស់ បង្កឲ្យអ្នកប្រើប្រាស់មានលទ្ធភាពក្នុងការចែកចាយ និងកាន់តែងាយទិញបានថោក និងស្រួលជាងមុន។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងគណៈបញ្ជាការឯកភាពមូលដ្ឋានគ្រប់ថ្នាក់ កម្លាំងសមត្ថកិច្ចជំនាញ ភាគីពាក់ព័ន្ធទំាងអស់ ជាពិសេសក្រុមគ្រួសារ អាណាព្យាបាលផ្ទាល់ ត្រូវពង្រឹងនូវវិធានការម៉ឺងម៉ាត់ក្នុងការចុះកំណត់មុខសញ្ញា រាយការណ៍ពីទីតាំងគោលដៅចុះបង្ក្រាប និងខិតខំពង្រឹងការងារចាត់តាំងអប់រំផ្សព្វផ្សាយដល់មុខសញ្ញាតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមក៏បានសំណូមពរ និងដាក់ចេញនូវវិធានការម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញគ្រប់កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរពីបញ្ហាប្រឈមចំពោះមុខដូចជាបញ្ហាប្រឈម បញ្ហាកង្វល់ បញ្ហាសេវាដែលទាក់ទិនពីសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ និងមាតាបិតាសិស្ស ពីបញ្ហាគ្រឿងញៀនទាំងនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner