សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាគ្សាការងារជាមួយលោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli)
នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។ នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់នៅប្រទេសនេប៉ាល់ លោកក៏បានអរគុណចំពោះ សម្ដេចតេជោ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។

លោកនាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈ មិត្តភាព។ លោកបានមានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្ល៉េះ លោកក៏បានកត់សម្គាល់អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី ហើយលោកក៏ បានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ទន្ទឹមនឹងនេះលោកក៏បានមើលឃើញពីការរីកចម្រើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជា ប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទាំងសងខាង ហើយលោកក៏បានជម្រាប ជូនសម្តេចតេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេស គាត់អោយមានការរីកចម្រើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។

ការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាអរគុណចំពោះលោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសឲ្យសម្ដេចអញ្ជើញបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ជាពិសេសអរគុណ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់កាលពីខែកញ្ញា ២០១៨ នៅទីក្រុងញ៉ូវយ៉ក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩ខាងមុខនេះគឺជាខួបលើក ទី៥៥ផងដែរនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោក៏បានអរគុណដល់លោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួប៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ និងអរគុណចំពោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរដែលបានផ្ញើសារចំពោះភាព ជោគជ័យរបស់គណបក្សប្រជាជនដែលជាប់ឆ្នោតកន្លងមកនេះ។ សម្ដេចតេជបានមានប្រសាសន៍បន្តថា តាមពិតសម្ដេចចង់មកទស្សនកិច្ចនៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ ប្រទេសនេប៉ាល់នេះគឺជាប្រទេសទីកន្លែងកំណើតដែល ព្រះពុទ្ធបានប្រសូត សម្តេចក៏អរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវការលំបាកជាច្រើនជាពិសេសឆ្លងកាន់សម័យសង្រ្គាមរហូតដល់សម័យប្រល័យពូជសាសន៏ ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាបានសង្គ្រោះជាតិឡើងវិញ ហើយសម្តេចបានជម្រាបជូនលោក នាយករដ្ឋមន្ត្រីនេប៉ាល់ថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើនមកជាប្រទេសដែលមានតំបន់ត្រួតត្រា១ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវសុខសន្តិភាព។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានសំដែងការអបអរសាទរចំពោះប្រទេសនេប៉ាល់ដែលទទួលបាននូវមានសុខសន្តិភាព ក្នុងនោះសម្ដេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ មានផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្តែមទៀត។

ចំពោះទំនាក់ទំនងទ្វេភាគីវិញសម្ដេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជានឹងបើកស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញផងដែរ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេល បច្ចុប្បន្ននេះគឺត្រូវធ្វើយ៉ាងណាជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការរីកចម្រើនឈានឡើង ជាពិសេសនៅថ្ងៃនេះនឹងមានការចុះហត្ថលេខាលើឯកសារ៤សំខាន់ទ ដូចជាទាក់ទងនឹងការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវ ការជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner