កម្ពុជា-នេប៉ាល់ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ បើទោះបីបានចងសម្ព័ន្ធ ភាពការទូតជាមួយគ្នាជាថ្មីអស់រយៈពេល១៩ឆ្នាំទៅហើយក្តី

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯ,ឧ ប្រាឌីព គូម៉ា ហ្គែវ៉ាលី រដ្ឋមន្ត្រីការបរទេសនេប៉ាល់ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងប្រទេស នេប៉ាល់ ទីដែលសម្តេចតេជោកំពុងបំពេញទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសនេប៉ាល់ បាន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឲ្យប្រទេសមានប្រវត្តិ នៃការបែកបាក់ដូចគ្នាមួយនេះទាញបានប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ បើទោះបីបានចង សម្ព័ន្ធភាពការទូតជាមួយគ្នាជាថ្មីអស់រយៈពេល១៩ឆ្នាំទៅហើយក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងកម្ពុជា និងនេប៉ាល់ហាក់នៅឃ្លាតឆ្ងាយពីគ្នានៅឡើយ ។

ឯ,ឧ ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយនេះជាលើកទី១ ដែលថ្នាក់ដឹកនាំកំពូលបានមក បំពេញទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេប៉ាល់ ក្រោយដែលបានបង្កើតទំនាក់ទំនងការទូតមក ហើយសង្ឃឹមថា ទស្សនកិច្ចនេះនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរ ។

ឯ,ឧ រដ្ឋមន្ត្រីការបរទេសប្រទេសនេប៉ាល់ បានសម្តែងនូវការរីករាយពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយថាប្រទេសកម្ពុជា-នេប៉ាល់ ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយជួបបញ្ហា ប្រឈមប្រហាក់ប្រហែលគ្នា ហើយមានមិត្តភាពជិតស្និទ្ធជាមួយគ្នា។ ឯ,ឧរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសនោះ អបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត កន្លងមកនេះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានថ្លែងអំណរគុណផងដែរ ចំពោះសម្តេចតេជោ ដែលបានទទួលយកការអញ្ជើញ ក្នុងជំនួបនាទីក្រុងញូវយ៉កជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ មកបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់នាពេលនេះ។ ឯកឧត្តម បានរៀបរាប់ពីដំណើរការបោះឆ្នោត និងការកសាងប្រទេសនេប៉ាល់នេះ ហើយឯកឧត្តម ក៏បានកោតសរសើរ ផងដែរ ចំពោះប្រទេសកម្ពុជា ដែលបានកសាងប្រទេសឡើងវិញ ដោយឆ្លងកាត់ឧបសគ្គជាច្រើន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសនេប៉ាល់ ហើយក៏សូមអរគុណចំពោះការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលអាច ឲ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្តទៅទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រវត្តិកម្ពុជា និង នេប៉ាល់ មានភាពស្មុគស្មាញ មានស្ថានភាពពុំដូចគ្នាទេ ប៉ុន្តែបានឆ្លងកាត់ការលំបាកនានា ស្ទើរតែដូចគ្នា។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលប្រទេសនេប៉ាល់ បានសម្រេចក្នុងការបង្រួបបង្រួមជាតិ។ សម្តេចបានជម្រាបថា កម្ពុជាបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើនពីប្រទេស ដែលមានបែកបាក់ហែកហួរគ្នា មកជា ប្រទេស ដែលរួមគ្នាជាធ្លុងមួយ ពីប្រទេសមានបក្ខពួកច្រើន មានការបែងចែកទឹកដី ហើយប្រយុទ្ធគ្នាឯងនៅលើទឹកដី របស់ខ្លួន ហើយឆ្លងកាត់ការលំបាកសព្វបែបយ៉ាង។ ឥឡូវនេះបានបង្រួបបង្រួមជាតិឲ្យទៅជាប្រទេសមួយ មានរដ្ឋធម្ម នុញ្ញមួយ មានកងទ័ពមួយ ហើយកំពុងជំរុញការអភិវឌ្ឍប្រទេស។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រហែល ៧,៧ភាគរយក្នុងមួយឆ្នាំរយៈ ពេល ២០ឆ្នាំមកនេះ ហើយកំពុងប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា ប្រទេសយើងទាំងពីរមានបទពិសោធន៍ និងបានផ្លាស់ ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទោះមានស្ថានភាពខុសគ្នា។

សម្តេចមានប្រសាសន៍បន្ថែមទៀតថា ពីកម្ពុជាមកនេប៉ាល់ ពីនេប៉ាល់ ទៅកម្ពុជាមិនឆ្ងាយទេ ដែលគួរតែពង្រីក នូវកិច្ចសហប្រតិបត្តិការទៅលើអ្វីដែលជាសក្តានុពលប្រទេសទាំងពីរមាន។ សម្តេចតេជោ បានបញ្ជាក់ថា ដោយសារ នេប៉ាល់ មានឯកអគ្គរដ្ឋទូតនៅប្រទេសវៀតណាម ហើយថ្វាយសារតាំងនៅរាជធានីភ្នំពេញ ហើយសម្តេចមានបំណង បញ្ជូនឯកអគ្គរដ្ឋទូតកម្ពុជា ដែលមាននិវេសនដ្ឋាននៅញូវដេលី ប្រទេសឥណ្ឌា មកកាន់នេប៉ាល់ផងដែរ ហើយនៅពេល មានហិរញ្ញវត្ថុគ្រប់គ្រាន់ នឹងបើកស្ថានទូតនៅនេប៉ាល់តែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរនេប៉ាល់ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចនឹងចូលរួមវិភាគទាន ដើម្បីជោគជ័យ នៃកិច្ច ប្រជុំកំពូលនេះ។

រដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានឆ្លៀតឱកាសអបអរសាទរដែរចំពោះគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋ កម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសឲ្យមានការជឿនលឿន ហើយនេប៉ាល់ នឹងខិតខំរកវិស័យផ្សេងៗ ដើម្បីជំរុញនូវកិច្ច សហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលយើងមានសក្តានុពលច្រើន ដែលអាចធ្វើបាន។

ឯ,ឧ រដ្ឋមន្ត្រីបានបន្ថែមថា នៅឆ្នាំក្រោយប្រទេសនេប៉ាល់ នឹងបើកព្រលានយន្តហោះថ្មីមួយ ហើយអាចធ្វើការ ហោះហើរត្រង់មកកាន់កម្ពុជា ហើយពេលនោះប្រជាជននេប៉ាល់អាចធ្វើដំណើរទស្សនកិច្ចអង្គរវត្ត ហើយពលរដ្ឋកម្ពុជា អាចធ្វើដំណើរទស្សនាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រផងដែរ។

ឯកអគ្គរដ្ឋទូតបន្តថា កម្ពុជា-នេប៉ាល់ នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាច្រើនតាមដែលអាចធ្វើបានមានដូចជាវិស័យវប្បធម៌ សាសនា ជំនឿ និងសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នឹងបានផ្លាស់ប្តូរទស្សនៈគ្នាដោះស្រាយបញ្ហាប្រឈមនានា មានដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើហិង្សា ។ ល ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner