ការប្រើប្រាស់យន្តការច្បាប់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការធានាប្រសិទ្ធភាពគ្រប់គ្រង
ការប្រើប្រាស់យន្តការច្បាប់គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការធានាប្រសិទ្ធភាពគ្រប់គ្រង។ ដូច្នេះសូមមន្ត្រីទាំងអស់ត្រូវបំពេញតួនាទីភារកិច្ចឲ្យបានសកម្មក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អដោយយកច្បាប់ជាគោល។ នៅចំពោះមុខវត្តមានមន្ត្រីមកពីស្ថាបន័ អង្គភាពក្រោមឱវាទខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់មន្ត្រីក្រោម ឱវាទទាំងអស់ឲ្យបន្តខិតខំបំពេញការងារបានលទ្ធផលល្អ និងត្រូវធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា កន្លងមកមន្ត្រីទាំងឡាយបានខិតខំគួរឲ្យកត់សម្គាល់ និងបានចូលរួមចំណែកធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់យ៉ាងលឿនផងដែរ តែទន្ទឹមនេះក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរ យើងទាំងអស់គ្នាត្រូវតែរួមគ្នា កែលម្អ និងខិតខំបន្ថែមទៀត។ បញ្ហាប្រឈមទាំងនោះរួមមាន សណ្តាប់ធ្នាប់ ចរាចរណ៏ សន្តិសុខ គ្រឿងញៀន ការរំលោភអូរ ប្រឡាយ ចិញ្ចើមផ្លូវ បញ្ហាសំរាមប្រមូលមិនទាន់ ជាពិសេសចលនាទន្ទ្រានព្រៃ និងដីសាធារណៈរបស់ពីសំណាក់ក្រុមពលរដ្ឋ អនាធិបតេយ្យខ្លះ និងក្រុមអ្នកអាងអំណាចកាងដីដោយបំពានច្បាប់ជាដើម នៅតែកើតមានជាច្រើនកន្លែងជាដើម។ ឯកឧត្តមបញ្ជាក់ថា ពេលខ្លះក្រុមអនាធិបតេយ្យខ្លះថែមទាំងយកឈ្មោះ គាត់ និងក្រុមគ្រួសារទៅប្រឡាក់ប្រឡូកដាក់ពីក្រោយក្នុងអំពើឈ្លោះ ដណ្តើមគ្នានេះទៀតផងដើម្បីបម្រើមហិច្ឆតាទច្ចរិតរបស់ខ្លួន។
តែយ៉ាងណាជុំវិញបញ្ហាទាំងនេះ ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជាមួយមន្ត្រីជំនាញអនុវត្តការងារតាមតួនាទីរបស់ខ្លួនឲ្យបានសកម្មជាងមុនដោយអនុលោមតាមច្បាប់ជាគោល។ ចំពោះក្រុម អនាធិបតេយ្យ និងក្រុមកាងពីក្រោយអាងខ្នងអ្នកធំអ្នកមានអំណាចពីពេលនេះទៅគ្មានការយោគយល់ទៀតឡើយ គឺត្រូវតែប្រើវិធានការច្បាប់ ព្រោះកន្លងមកអ្នកទាំងនោះហាក់ដូចជាអប់រំអស់ចិត្តដែរតែដូចជាអប់រំលែងចូលទៅហើយ។ បើតាមឯកឧត្តម យន្ត មីន គិតមកត្រឹមខែវិច្ឆិកា២០១៨នេះ មានខ្ទមអនាធិបតេយ្យប្រមាណជា៧០០ខ្នងត្រូវបានរដ្ឋបាលខេត្តរុះរើចោល និងក្រុមមេខ្លោងកាងប្រដាប់អាវុធជាច្រើននាក់ផងដែរត្រូវបានឃាត់ខ្លួនធ្វើបែបបទបញ្ជូនទៅតុលាការ ហើយខ្លះកំពុងដេកគុក៕