រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា សំណាងល្អគ្មានអ្នករងរបួស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបើកបុកបន្តកន្ទុយគ្នា ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

រថយន្តទី១ ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ កោះកុង 2A-0942 រងខូចខាតបែកស្តុប ខាងឆ្វេង។ រថយន្តទី២ ម៉ាកហ៊ីយ៉ាន់ដាយ បែន ពណ៌ត្រួយចេក ពាក់ស្លាកលេខ ស្វាយរៀង 3A-0932ដឹកថ្ម មិនមានខូចខាត និងរថយន្តទី៣ ខាងក្រោយគេ ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ដឹកទំនិញរោងចក្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3587 រងខូចខាតបែករួញកាប៊ីន។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តទាំង៣គ្រឿងបើកបន្តកន្ទុយគ្នា តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តទី១ វីហ្គោ បានបង្អង់ល្បឿន ដោយសារមានរ៉ឺម៉កម៉ូតូបើកឆ្លងកាត់ ធ្វើឲ្យរថយន្តទី២ បែនដឹកថ្ម បើកលឿនជ្រុលហ្វ្រាំងអូសកង់ហើយជ្រុលទៅបុកគូទរថយន្តវីហ្គោ បែកស្តុបម្តខាង ហើយពេលនោះ ស្រាប់តែរថយន្តទី៣ ឃ្លប់ដឹកទំនិញរោងចក្រ មកពីក្រោយហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តបែនយ៉ាងពេញទំហឹង បណ្តាលឲ្យរងខូចខាតខ្ទេចកាប៊ីនមុខ។

ក្រោយកើតហេតុ ភាគីខាងរថយន្តទី៣ ឃើញរថយន្តខ្លួនខ្ទេចធ្ងន់ជាងគេ ក៏ទាមទារឲ្យរថយន្តបែនជួយចេញសងថ្លៃខូចខាតទៅវិញ។ ដោយភាគីទាង៣ដោះស្រាយមិនចេញ ក៏ហៅសមត្ថកិច្ច និងក្រុមហ៊ុនធានារ៉ាប់រ៉ងរបស់ភាគីរថយន្តបែនមកដោះស្រាយតាមផ្លូវច្បាប់ ដោយសមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner