ឥណ្ឌាបាញ់បង្ហោះផ្កាយរណបអង្កេតផែនដី និងផ្កាយរណប៣០គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ
ឥណ្ឌា៖ សារព័ត៌មានស៊ីនហួររបស់ចិនបានចុះផ្សាយថា ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) នៅថ្ងៃព្រហស្បតិ៍តនេះ បានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីស៊េរីថ្មីឈ្មោះថា ហ៊ីសអាយអ៊ែស (HysIS) ព្រមទាំងផ្កាយរណប៣០គ្រឿងទៀត តាមរយៈគ្រាប់រ៉ុក្កែត PSLV-C43 ឡើងទៅកាន់ទីអវកាស។
បាញ់បង្ហោះផ្កាយរណបនេះ គឺជាការបញ្ជូនផ្កាយរណបលើកទី២ហើយ នៅក្នុងខែវិច្ឆិកានេះសម្រាប់ទីភ្នាក់ងារអវកាសឥណ្ឌា ដោយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ អាយស្រូ (ISRO) បានបញ្ជូនផ្កាយរណបទំនាក់ទំនងមួយគ្រឿងឈ្មោះ GSAT-29 តាមរយៈគ្រាប់រ៉ុក្កែត GSLV Mark III ឡើងទៅទីអវកាស។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) បានបញ្ជាក់ថា ផ្កាយរណបទាំង៣១គ្រឿងត្រូវបានរ៉ុក្កែត PSLV-C43 នាំយកឡើងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស សាទីស ដាវ៉ាន នៅលើកោះ ស្រ៊ីហារីកូតា ភាគខាងត្បូងប្រទេសឥណ្ឌាដោយជោគជ័យ ហើយក្នុងចំណោមនោះ HysIS គឺជាផ្កាយរណបចម្បងគេ។ ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) បានឲ្យដឹងទៀតថា ហ៊ីសអាយអ៊ែស (HysIS) នឹងចាប់យករូបភាពផែនដីទាំងមូល ក្នុងទម្រង់ប្រេកង់ជាច្រើន ហើយផ្កាយរណបនេះ នឹងមានអាយុកាលបំពេញបេសកកម្មរយៈពេល៥ឆ្នាំ៕