សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅដល់ប្រទេសនេប៉ាល់ហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុង កដ្ឋមន្ឌូ ប្រទេសនេប៉ាល់ហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក រយ:ពេល៤ថ្ងៃ ពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ។ យន្តហោះពិសេសរបស់ព្រះ រាជាណាចក្រកម្ពុជា ជើងហោះហើលេខ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ប្រកបដោយសុវត្តិភាពកាលពីវេលា ម៉ោង១១និង២៥នាទី ម៉ោងនៅក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ត្រូវនិងម៉ោង ១២ និង ៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិនេប៉ាល់ ឯកឧត្តម Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាចក្រកម្ពុជា ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរ ជនការទូតរបស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូប។
សូមបញ្ជាក់រថា គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក រយះពេល៤ថ្ងៃ ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខចន្តា សោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា និងជាអនុប្រធានគណៈទាក់ទងការបរទេសរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនអមដំណើរជាច្រើនរូបទៀត។
នៅក្នុងវត្តមាននៃការអញ្ជើញដល់នោះដែរ សម្តេចតេជោ ដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនេប៉ាល់ បានអញ្ជើញឡើងវេទិកាកិត្តិយស ក្នុងការគោរពភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងនេប៉ាល់ ដើម្បីជានិម្មិតរូបនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅប្រទេសនេប៉ាល់។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦៤ ប៉ុន្តែរហូតមកដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩ ប្រទេសទាំងទាំងពីរបានភ្ជាប់ទំនាក់ទំនងជាថ្មីឡើងវិញ បន្ទាប់ពីការអាក់ខានមួយរយៈពេល។ នេះគឺជាដំណើរទស្សនកិច្ចខ្ពស់បំផុតលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅកាន់ទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ខាន់ហ្កា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតលើកទី៦ នៃសន្និបាតអន្តរជាតិរបស់គណបក្សនយោបាយតំបន់អាស៊ី នៅរាជធានីភ្នំពេញ៕