រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្ម ហើយងាកមករកតុចរចាវិញ
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ហើយស្វែងរកមូលដ្ឋានរួមជាមួយដៃគូរបស់ខ្លួន។ ថ្លែងក្នុងវេទិការវិនិយោគរុស្ស៊ី លោក ពូទីន បាននិយាយថា លោកគិតថា យើងត្រូវសម្រេចបាននូវលទ្ធផលវិជ្ជមានសម្រាប់ខ្លួនយើង។
មិនមែនព្យាយាមធ្វើបាបដៃគូទេ ប៉ុន្តែព្យាយាមស្វែងរកសកម្មភាពរួមគ្នា ដើម្បីធ្វើការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាព។ លោក ពូទីន បន្តថា គ្រប់គ្នានឹងបាត់បង់គ្រប់យ៉ាងពីវិធានការនយោបាយ និងឯកតោភាគី ហើយដំបូន្មានរបស់លោក នោះគឺបោះបង់គោលនយោបាយនេះ និងស្វែងរកមូលដ្ឋានរួម។
សូមរំលឹកផងដែរថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិកបានជួបភាពតានតឹងខ្លាំង ដោយសារតែប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាជាច្រើនពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ ក្នុងនោះរួមមានបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ជម្លោះនៅតំបន់ឧបទ្វីបគ្រីមៀ ជាពិសេសការប៉ន់ប៉ង់បំពុលសម្លាប់អតីតចារកម្មរុស្ស៊ីនៅចក្រភពអង់គ្លេស៕