ការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់ដោយជោគជ័យ
បន្ទាប់ពីបានប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM -28-2018) អស់រយៈពេល៧ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ដែលទទួលធ្វើជាម្ចាស់ផ្ទះរួចមក ពិធីបិទការប្រកួតបាញ់កាំភ្លើងដៃនេះ ត្រូវបានប្រារព្ធនៅរដ្ឋម៉ាឡាកា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ដាតូ សិរីប៉ាងលីម៉ាអេចជេ អាមេដ ហាសប៊ុលឡា ប៊ីន អេចជេ ម៉ូដណាវាវី (GeneralDato Seri panglima Hj Ahmad Hasbulahbin Hj Mohd Nawawi )មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងមានវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងឯកឧត្តមជាមេបញ្ជាការកងជើងគោកមកពីប្រទេសអាស៊ានទាំង១០ ក៏បានចូលរួមផងដែរ។
មុនពេលធ្វើការបិទកីឡាបាញ់កាំភ្លើងដៃនេះ មេបញ្ជាការកងទ័ពជើងគោកអាស៊ានក៏បានជួបប្រជុំពហុភាគីប្រចាំឆ្នាំនៅសណ្ឋាគារការសាដែលរ៉ៃអូ (CaSadel Rio ) រដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដែលនៅក្នុងកិច្ចប្រជុំមេបញ្ជាកងទ័ពជើងគោកអាស៊ានលើកទី១៩ ហៅកាត់ថា CACMM-19 បានលើកយកប្រធានបទស្តីពី«ការលើកកម្ពស់ស្មារតីកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ាន ក្នុងការកាត់បន្ថយបញ្ហាប្រឈមដើម្បីកិច្ចសហប្រតិបត្តិការសន្តិសុខរួម»។
នៅក្នងឳកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ក៏បានចូលរួមផ្លាស់ប្តូរយោបល់ដែលទាក់ទងទៅនឹងការងារកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ ដោយផ្តោតសំខាន់លើការទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងសន្តិសុខព័ត៌មានវិទ្យា ហើយការលើកឡើង របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនោះ ត្រូវបានទទួលការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ាននាពេលនោះផងដែរ។
កិច្ចប្រជុំ ACAMM-19 និងការប្រកួតកីឡាបាញ់កាំភ្លើងដៃជើងគោកអាស៊ាន AARM-28-2018 បានបិទបញ្ចប់ប្រកបទៅដោយក្តីសប្បាយរីករាយ រាក់ទាក់ មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ មេបញ្ជាការកងទ័ពជើងគោក និងនាយទាហានក្រុមកីឡាករបាញ់កាំភ្លើងដៃជើងគោកអាស៊ានផងដែរ៕