គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ ចំនួន៣៥ គ្រួសារ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះ នៅតាមមូលដ្ឋាននានា ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានជាប្រចាំថ្ងៃ។
លោកជំទាវ បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ ថ្វីត្បិតតែបន្តិចបន្តួចក៏ពិតមែន តែវាអាចជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីដែរ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារយើង និងត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព ក៏ដូចជាការរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុណាមួយពីគ្រោះធម្មជាតិ។
ជាមួយគ្នានោះ លោកជំទាវ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ.១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។
លោកជំទាវ អនុប្រធាន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តន៍ឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។
ម្យ៉ាងវិញទៀត យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។ អំណោយមនុស្សធម៌ដែលបានផ្ដល់ ជូនដល់គ្រូសារងាយរងគ្រោះចំនួន ៣៥គ្រួសារនោះ ក្នុង១គ្រួសារៗទទួលបាន៖ ឃីត១ កញ្ចប់ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀលផងដែរ៕ ដោយ៖ ស៊ាន សុផាត









