សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយ បន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្តល់ជូនគ្រួសារងាយរងគ្រោះ ៦៨គ្រួសារ នៅស្រុកចន្ទ្រា

សាខា កក្រក ខេត្តស្វាយរៀង៖នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ១៦ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់  ជនចំណាកស្រុក ១ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៥១ គ្រួសារ ) សរុបចំនួន ៦៨ គ្រួសារ ក្នុងស្រុកចន្ទ្រា មកពីឃុំចន្ទ្រា ២២ គ្រួសារ ឃុំច្រេស ៤៦ គ្រួសារ ដែលពិធីនេះប្រារព្វធ្វើនៅសាលាបឋមសិក្សាចន្ទ្រា ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។
លោកជំទាវក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា  ដោយត្រូវធ្វើអនាម័យឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ។
លោកជំទាវ ដួង វណ្ណា បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និង ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម ។
ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សូមធ្វើការអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៦៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ២ សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភថវិកាបន្ថែមដល់ប្រជាពលរដ្ឋទាំង ៦៨ គ្រួសារ ក្នុង ១ គ្រួសារ ២០,០០០ រៀល ឧបត្ថម្ភដល់កុមារម្នាក់មានជំងឺ ថវិកា ២០០,០០០ រៀល ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner